បន្ទាប់ពីបានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយ ជនពិការភ្នែកចំនួន ១០រូប នៃសមាគម និងវិទ្យុទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ ដែលមានទីតាំងទល់មុខសណ្ឋាគារសុខា រ៉េស៊ីដង់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការសាកសួរដោយផ្ទាល់ពីដំណើរការ និងនិរន្តរភាព របស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ ពិសេសជុំវិញការបើកទីស្នាក់ការបម្រើសេវាម៉ាស្សា ធ្វើសរសៃរបស់ជនពិការភ្នែក ក្រៅអំពីការងារមួយចំនួន ទាក់ទិនទៅនឹងការងាររបស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ។
តំណាងជនពិការភ្នែកទាំង១០រូប មានប្រសាសន៍ជម្រាបបជូនសម្តេចតេជោថា ក្រៅពីការងាររបស់សមាគម ជនពិការបានរៀនពីវិធីម៉ាស្សា និងបានជួលទីតាំងនេះប្រកបរបរបន្ថែមលើអ្វីដែល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយឧបត្ថម្ភ ដូចជាប្រាក់ខែ របរអង្គរ ជាដើម។ ជាមួយនឹងការអញ្ជើញពិនិត្យដោយផ្ទាល់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តជួយដល់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ នូវអ្វីដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានជួយកាលពីពេលកន្លងមក។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចតេជោបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល និង១ពាន់ដុល្លារ ជូនដល់ជនពិការ និងជូនដល់និរន្តរភាពរបស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ៕