ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញដល់ក្រុមការងារបណ្តុះបណ្តាលធនធាន មនុស្សក្រសួងព័ត៌មាន ត្រូវបន្តកិច្ចសហ ការសាមគ្គីគ្នា រួមគ្នាបំពេញការងារបានលទ្ធផលល្អប្រសើរ ។
ក្នុងឱកាសទទួលជួប ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុម ការងារបណ្តុះបណ្តាលធនធានមនុស្ស ក្រសួងព័ត៌មាន និងសហការី ដើម្បីសំដែងការគួរសម និងសុំអនុសាសន៍ ក្នុងការ អនុវត្តការងារបន្តទៅមុខទៀត នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញលើកទឹកដល់ក្រុមការងារបណ្តុះ បណ្តាលធនធានមនុស្ស ក្រសួងព័ត៌មាន ទាំងអស់ ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ត្រូវបន្តកិច្ចសហការសាមគ្គីគ្នា រួមគ្នាបំពេញការងារបានលទ្ធផលល្អប្រសើរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបណ្តុះបណ្តាលធនធាន មនុស្ស ក្រសួងព័ត៌មាន និងសហការី បាននាំយកថវិកាផ្ទាល់ខ្លួនចំនួន ៤លានរៀល សម្រាប់កម្មវិធីប្រគេនទៀនវស្សាដល់វត្តនានាក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ បានជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗមួយចំនួនដែលក្រុមការងារសម្រេចអនុវត្តន៍បានក្នុងពេលកន្លង និងផែនការដែលបន្តបំពេញ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដើម្បីសម្រេចបានរាល់កិច្ចការងារ ដែលបានដាក់ចេញ៕