ខេត្ដកណ្តាល៖ ក្រោយពីទទួលបានព័ព័ត៌មានពីពលរដ្ឋល្អភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ចុះបង្ក្រាបហាងកាហ្វេបង្កប់ល្បែងស៊ីសងជល់មាន់អនឡាញ និងឃាត់បានមនុស្ស៤នាក់មកអប់រំត្រឹមស្រុក។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ចំណុចផ្ទះឈ្មោះ ឃុំ ម៉ិច នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ០៤នាក់ ១-ឈ្មោះ បាត់ សុខន ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក លក់ មាន់ជល់តាមទូរទស្សន៍អនឡាញ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ២-ឈ្មោះ ភន រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកចាក់)។ ៣-ឈ្មោះ ជាម ខាន់ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកចាក់)។ ៤-ឈ្មោះ ហាន ឌីម៉ង់ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យករួមមាន៖
១.ទូរទស្សន៍ សម្រាប់ចាក់បញ្ចាំងមាន់ជល់តាមប្រព័ន្ធអនឡាញ ០១គ្រឿង។
២.គ្រឿងម៉ាស៊ីនកុំព្យូទ័រ សម្រាប់បញ្ជាការឡាយមាន់ជល់ ០១ឈុត។ ចំពោះទីតាំងផ្ទះរបស់ឈ្មោះ ឃុំ ម៉ិច សមត្ថកិច្ចជំនាញស្រុក និងប៉ុស្ដិ៍ពើក ធ្លាប់បានចុះបង្ក្រាបកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្ដាលរួចរាល់ម្ដងមកហើយ។
តាមចម្លើយសារភាពរបស់ឈ្មោះ បាត់ សុខន បានសារភាពថា ខ្លួនចូលធ្វើជាបុគ្គលិកឡាយមាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញនេះបានរយៈពេល០៦ថ្ងៃមកហើយ នៅទីតាំងខាងលើនេះ។ ចំណែកបក្ខពួកដែលសមត្ថកិច្ចបានឃាត់ខ្លួនមកជាមួយគ្នានេះជាអ្នកចាក់ការឡាយជល់មាន់។
ករណីខាងលើនេះ ដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំជនសង្ស័យ នៅត្រឹមអធិការដ្ឋាននគរបាលស្រុក៕