ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញប្រគេនទៀនវស្សាដល់ វត្តចំនួន ៥ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល ចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយថ្នាក់ដឹកនាំក្រសួង ព័ត៌មាន បាននាំយកនូវទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន និង បច្ច័យ យកទៅប្រគេនដល់បណ្តាវត្តចំនួន ៥ ក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ ពិធីប្រគេនទៀនវស្សានេះ ធ្វើឡើងនៅ វត្តសិរីមង្គលក្បាលកោះ ស្ថិតក្នុងភូមិទី៣ ឃុំកោះសូទិន ខេត្តកំពង់ចាម ដើម្បីត្រៀមបម្រុង ចង្ហាន់ ទៀន ឬប្រេងវស្សា សម្រាប់ព្រះសង្ឃ ដូនជី ប្រតិបត្តិធម៌ និងសមាទានសីល៍ តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។
សូមបញ្ជាក់ថា វត្តចំនួន ០៥ ក្នុងឃុំ កោះសូទិន ខេត្តកំពង់ចាម រួមមាន វត្ត ពោលធិរិទ្ធ ( ហៅ វត្តត្នោត), វត្ត វិសុទ្ធិវង្សាកណ្តាលកោះ (ហៅ វត្តកណ្តាល), វត្ត សិរិមង្គល ក្បាលកោះ (ហៅ វត្តក្បាលកោះ), វត្តទីប្រជុំចុងកោះ ( ហៅវត្តចុងកោះ), និងវត្ត សុទ្ធាធ្យារាជ ហៅវត្ត ធម្មយុត្តិ ដោយក្នុង ១ វត្តៗ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងក្រុមការងារបានប្រគេននូវទៀនវស្សា ១ គូ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ចំពោះបច្ច័យ របស់លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួង ព័ត៌មានក្នុង១ វត្ត ១០០ ដុល្លារ និងប្រគេនបច្ច័យដល់ព្រះសង្ឃ ក្នុង ១ អង្គ ៥ ម៉ឺនរៀល។
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក ព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនបច្ច័យក្នុង ១ វត្ត ៥០ ម៉ឺនរៀល ។
ជាមួយនេះ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ បានជូនថវិកា ដល់ គណៈកម្មការអាចារ្យវត្ត ទាំង ៥ ក្នុង ១ វត្ត ១៥ ម៉ឺនរៀល និងតាជី យាយជី អញ្ជើញចូលរួម ក្នុងម្នាក់ៗ ១ ម៉ឺនរៀល៕