ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ ប្រធានគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ និងស័ក្តិសមបំផុត ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ។
ឯកឧត្តមមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រសួងបរិស្ថាន និងសកម្មជនយុវជនកម្ពុជា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន៧មករា ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ក៏បានលើកឡើងនូវគោលនយោបាយជាអាទិភាពសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ធ និងការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ ។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំ របស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រនិងកោតសរសើរពីបណ្តាប្រទេសជាច្រើន លើសកលលោក គឺវិធានការក្នុងការបង្ការនិងទប់ស្កាត់នូវការរីករាយដាល និងការឆ្លងជម្ងឺកាចសាហាវកូវីដ១៩ ដោយបានបើកដំណើរការប្រទេសជាតិ និងសេដ្ឋកិច្ចឡើងវិញ ដែលកត្តាសំខាន់នោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាក់ស្រោចវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ លើប្រជាពលរដ្ធទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជាឲ្យឆ្លងផុតពីពីមហន្តរាយកូវីដ១៩។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា គោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ជាចក្ខុវិស័យវែងឆ្ងាយគឺឲ្យកម្ពុជាកាន់តែឈានឆ្ពោះទៅមុខបន្ថែមទៀត ចាំបាច់ត្រូវថែរក្សសន្តិភាព កុំចាំបាត់បង់ហើយនោះ នឹកគិតពីសន្តិភាព។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីការបន្តរួមសាមគ្គីគ្នា ស្មាកៀស្មា ឱបក្រសោបគ្នា និងត្រូវទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ ៕