ត្បូងឃ្មុំ៖នាព្រឹកថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២២
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន ស ស យ ក ខេត្ត និង ប្រធាន អនុប្រធាន ស ស យ ក ក្រុង ស្រុក ទាំង៧ក្នុងខេត្តត្បូងឃ្មុំ។
បន្ទាប់ពីលោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានឡើងធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ ដែលសម្រេចបានជាច្រើនរួមមាន ការបណ្ដុះបណ្ដាលសិក្ខាសាលា ទស្សនកិច្ចសិក្សា និងកិច្ចប្រជុំផ្សេងៗ សកម្មភាពសង្គម មនុស្សធម៌ កីឡា ការងារបោះឆ្នោត ការងារបរិស្ថាន សម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំង ការបរិច្ចាគឈាម និងការចូលរួមក្នុងក្នុងកម្មវិធិនានា ក្នុងខេត្ត និងនៅថ្នាក់ជាតិ។ ម្យ៉ាងទៀត បើគិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ អគារស្នាក់ការ ស ស យ ក ខេត្តត្បូងឃ្មុំថ្មី សាងសង់បាន១០%ហើយ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៣។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការកោតសរសើរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក ដែលបានលះបង់ពេលវេលាធនធានផ្ទាល់ខ្លួនក្នុងការចូលរួម គ្រប់សកម្មភាពនៅក្នុងសង្គម ដែលតែងតែសហការផ្តួចផ្តើមរៀបចំកម្មវិធីជាច្រើន ដូចជាការងារសង្គម ការងារមនុស្សធម៌ ការងារអប់រំ កីឡា ការមនុស្សធម៌ ការងារអនាម៏យ បរិស្ថាន ការងារបោះឆ្នោត សម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំង ការបរិច្ចាគឈាម និងការងារផ្សេងៗទៀតជាច្រើនផងដែរ ជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងអង្គការមហាជនមួយដែលមានសារសំខាន់ ដែលមិនប្រកាន់ពូជសាសន៍ផងដែរ៕