ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាពនិង ភាពម្ចាស់ការ ត្រូវផ្តល់អាទិភាពទៅលើការកសាងនិងពង្រឹងធនធានមនុស្ស ហើយការកសាង និងពង្រឹងធនធានមនុស្ស ត្រូវផ្តល់អាទិភាពទៅលើការពង្រឹងវិស័យអប់រំ ការពង្រឹងវិស័យអប់រំត្រូវផ្តល់អាទិភាពទៅលើលោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សា ។
តាមរយៈវីដេអូថ្លែងក្នុងជំនួប ជាមួយលោកគ្រូ អ្នកគ្រូ ដែលបានបង្ហោះក្នុងផេកហ្វេសប៊ុក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២៥ ខែកក្កដានេះ បានថ្លែងថា គ្មានបទេសណាស្រឡាញ់ និងចង់ឱ្យខ្មែរ រីកចម្រើនលឿន ជាងខ្មែរខ្លួនឯងនោះទេ។ ឯកឧត្តមបណ្ឌិតបន្ថែមថា នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅតាមបណ្តាក្រសួងស្ថាប័នភាគច្រើនដែលកំពុងបម្រើការ ងារ គឺត្រូវបាន បណ្តុះបណ្តាលក្រោយឆ្នាំ១៩៧៩ ខណៈដែលមន្រ្តីដែលបានទទួលការបណ្តុះបណ្តាលមុនឆ្នាំ១៩៧៩ គឺនៅបន្តជារៀមច្បង ដែលបានកសាងធនធានមនុស្ស នឹងពង្រឹងនូវសមត្ថភាពក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេសជាតិ។ ឯកឧត្តមបណ្ឌិតបន្តថា គោលដៅរបស់រាជរដ្ឋាភិបាលគឺផ្ដោតទៅលើវិស័យអប់រំជាធំ និងការយកចិត្តទុកដាក់លើលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៅតែជាអាទិភាពខណៈដែលរាជរដ្ឋាភិបាលចំណាយថវិកាប្រមាណជិត១ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះ៨០ភាគរយ ចំណាយលើប្រាក់បៀវត្ស លោកគ្រូ អ្នកគ្រូ។
«អត់មានប្រទេសណា មកដឹកនាំប្រទេសយើង អត់មានប្រទេសណាស្រឡាញ់ខ្មែរ ចង់ឱ្យខ្មែររីកចម្រើនល្បឿនលឿនជាងខ្មែរនោះទេ។ នេះហើយដែលយើងម្ចាស់ការខ្លួនឯង ហ្នឹងហើយដែលយើងយកចិត្តទុកដាក់លើវិស័យអប់រំតាំងពីឆ្នាំ៧៩មក យើងមិនមែនមានត្រឹមតែជាគោលនយោបាយ នៅលើក្រដាសនោះទេ ប៉ុន្តែអ្វីដែលជាសកម្មភាពជាក់ស្តែង ដែលបានចំណាយលើវិស័យ អប់រំគឺធំណាស់ ។»
ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដគោលនយោបាយនេះ ដោយធ្វើយ៉ាងណាឱ្យនៅឆ្នាំបន្ដបន្ទាប់ទៀត រាល់ការចំណាយលើវិស័យអប់រំកាន់តែច្រើន ដើម្បីដាក់ឱ្យចំគោលដៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ឱ្យកូនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ ពិសេសធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕