ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរកីឡាការិនី វិត ចន្ថា ម្នាក់ទៀត ដែលទទួលបានមេដាយមាស លើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។
នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា អបអរសាទរកីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជូនពរកីឡាករ កីឡាការិនីយើងបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ដែរថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ីនេះដែរ កម្ពុជាក៏បានឈ្នះមេដាយមាស ដោយក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់។ ទម្រាំដណ្ដើមបានមេដាយមាសជូនជាតិ ក្រុមកីឡាការិនីកម្ពុជាបានឆ្លងកាត់ ៤ប្រកួត និងបានយកឈ្នះគូប្រកួតទាំង ៤ប្រកួត ពោលគឺវគ្គសន្សំពិន្ទុវិលជុំ បានយកឈ្នះក្រុមឡាវ ១១-៥ពិន្ទុ, ឈ្នះក្រុមថៃ ៩-៨ពិន្ទុ និងឈ្នះក្រុមហ្វីលីពីន ១៨-០ពិន្ទុ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានបន្តយកឈ្នះក្រុមថៃ ៧-៥ពិន្ទុ។ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។
ជាមួយគ្នានេះដែរ កម្ពុជា បានបញ្ជូនអត្តពលិកសរុប ១១៥នាក់ លើ១១ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៧ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា ៕