កណ្តាល៖ ក្រោមការចង្អុលបង្ហាញនិងបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចត្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងបានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះបើកប្រតិបត្តិកការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ លេងអាប៉ោងមួយកន្លែងឃាត់ខ្លួនជនសង្ស័យបាន៦នាក់មានទាំងស្រីទាំងប្រុស នៅចំណុចផ្ទះរបស់ឈ្មោះ ទ្រី ស៊ូខីវ ភេទស្រី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បើយោងតាមលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរង បានប្រាប់ឲ្យបណ្ដាញព័ត៌មាន The Mirror News នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះថា កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងបានរត់គេចខ្លួន០២នាក់៖
១-ឈ្មោះ ទ្រី ស៊ូឃីវ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ មុខរបរ លក់ដូរ ជាម្ចាស់ទីតាំង។
២-ឈ្មោះ ចុន សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំស្រុកខេត្តកណ្តាល ជាមេអាប៉ោង។
៣-ឈ្មោះ វ៉ន អូន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើមេអាប៉ោង។
៤-ឈ្មោះ ណុប យឿន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ កសិករ មានទីលំនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកលេងអាប៉ោង។
៥-ឈ្មោះ តាំង យូអី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកបាឡាត់ឆឹវ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកលេងអាប៉ោង។
៦-ឈ្មោះ អឿន ឡៃហ៊ាង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ អ្នករៀបចំម្ហូបអាហារ និងចងការប្រាក់ឲ្យអ្នកលេងអាប៉ោង ។
ជនស្ស័យ០២នាក់ទៀតដែលរត់គេចខ្លួនមិនទាន់ស្គាល់អត្តសញ្ញាណ និងចាប់បានវត្ថុតាងចាប់យករួមមាន៖ គ្រាប់អាប៉ោង៤គ្រាប់,តុមានគូសជាហាន់តោ សម្រាប់លេង ០១,កៅអីជ័រចំនួន១៣, អំពូលភ្លើង០១, កង្ហារ០២, គម្រប់អាប៉ោង ០១, ចានដែកទ្រចាន់អាប៉ោង០១, ចានថ្ម០១, ទូរសព្ទដៃ ចំនួន ០៦គ្រឿង, ប្រាក់រៀល ៣៧១,៧០០៛, ប្រាក់ដុល្លារ ៣០០$ ។
តាមប្រភពបានឲ្យដឹងទៀតថា នៅនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០:៣១នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានមនុស្សមួយក្រុម កំពុងលេងល្បែងសុីសងខុសច្បាប់ (អាប៉ោង) នៅចំណុចផ្ទះរបស់ឈ្មោះ ទ្រី ស៊ូខីវ ភេទស្រី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ភ្លាមនោះលោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រកាខ្ពស់។ លុះដល់ម៉ោង ១៣:១៥នាទី ថ្ងៃដដែល កម្លាំងជំនាញបានចុះទៅដល់កន្លែងកេីតហេតុខាងលើ ឃើញមានក្រុមជនសង្ស័យកំពុងនាំគ្នាលេងអាប៉ោងពិតមែន ឃើញដូចនេះកម្លាំងជំនាញ បានធ្វើការឃាត់ជនសង្ស័យ ០៦នាក់ រត់គេចខ្លួន ០២នាក់ និងវត្ថុតាងខាងលើ មកសួរនាំនៅ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
លោកស្នងការរងបញ្ជាក់ឲ្យដឹងថា ក្រោយពីសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង៦នាក់ខាងលើបានសារភាពថា ក្រុមខ្លួនពិតជាបានផ្តល់ទីតាំង និងលេងល្បែងស៊ីសង អាប៉ោងខុសច្បាប់ ពិតមែន ក្នុងនោះមានឈ្មោះ ទ្រី ស៊ូឃីវ ជាម្ចាស់ទីតាំង ឈ្មោះ ចុន សំណាង និងឈ្មោះ វ៉ន អូន ជាមេអាប៉ោង ចំណែកឈ្មោះ អឿន ឡៃហ៊ាង ជាអ្នកចង់ការប្រាក់នៅកន្លែងលេងអាប៉ោងខាងលើ ចំណែកជនសង្ស័យ ០២នាក់ ទៀតជាអ្នកលេងអាប៉ោង។
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះទៀតថា ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្ដាលដើម្ប៏ផ្ដន្ទាទោសតាមផ្លូវច្បាប់ហើយ៕