ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២
ឯកឧត្តម នូវប៉េង ច័ន្ទតារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ នៅសាលប្រជុំសាលាស្រុកពញាឮ ។
ក្នុងឱកាសឯកឧត្តមបានមានប្រសាសន៍ថា អាជ្ញាធរស្រុកពញាឮ ត្រូវខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតាម គោលការណ៍ នីតិវិធី និងស្តង់ដារសេវាដែលបានកំណត់ សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។
ឯកឧត្តមអភិបាលរងខេត្ត បន្តថា ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតាម គោលការណ៍ នីតិវិធី និងស្តង់ដារសេវា គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដើម្បីឆ្លើយតប និងការដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ទន្ទឹមនឹងនោះក្រៅពីការខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឯកឧត្ដមអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរស្រុកពញាឮ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូមូលដ្ឋានឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងជំរុញ និងអនុវត្តយុទ្ធសាស្រ្តចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យទាំងក្នុងកម្រិតជាតិ និងកម្រិតខេត្ត ពិសេសនៅក្នុងភូមិសាស្រ្តស្រុកពញាឮ។
សូមបញ្ជាក់ផងដែរថា លោកស្រី សូត គីរីកញ្ចនា នាយិការងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកណ្តាល ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ ជំនួសលោកស្រី ហង្ស ចន្ថា បានដល់អាណត្តិការងារ០៤ ឆ្នាំលើកទី២ ត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ។