ខេត្តកណ្តាល៖ រសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២
នៅសាលាខេត្តកណ្តាល ក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ ចំនួន ៣២នាក់ ដែលត្រូវទៅហ្វឹកហាត់នៅខេត្តកំពតជាមួយក្រុមកីឡាជម្រើសជាតិ ត្រៀមចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេ ឆ្នាំ២០២៣។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមកីឡាករ កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ របស់សមាគមកីឡាទូកខេត្តកណ្ដាល ត្រូវខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ឱ្យបានខ្លាំងក្លាអស់ពីសមត្ថភាព រក្សាសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់នូវវិន័យ និងបទបញ្ជាក្នុងការប្រកួត ត្រូវធ្វើយ៉ាងណាពង្រឹងសមត្ថភាពខ្លួនឱ្យបានខ្ពស់ សម្រាប់ត្រៀមខ្លួនចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ឱ្យទទួលបានចំណាត់ថ្នាក់ជូនជាតិ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានសហការគ្នាបានយ៉ាងល្អប្រសើរ ជួយលើកស្ទួយវិស័យកីឡាក្នុងខេត្ត ដើម្បីបង្ហាញមោទនភាពខេត្តលើឆាកជាតិ និងអន្តរជាតិ ដែលនេះគឺជាការសាងប្រវត្តិសាស្រ្តថ្មីមួយសម្រាប់វិស័យកីឡាខេត្តកណ្តាល ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAMES) ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជួយឧបត្ថម ដល់ក្រុមកីឡាករកីឡាការិនី និងគ្រូបង្វឹកទាំង ៣២នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៣ម៉ឺនរៀលក្នុង១ថ្ងៃ សម្រាបអាហារ ៣ពេល ក្នុងអំឡុងពេលហ្វឹកហាត់ នៅខេត្តកំពតដែលមានរយៈពេលប្រមាណជាង ៨ខែ។
សូមបញ្ជាក់ថា សមាគមកីឡាខេត្តកណ្ដាលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដែលមានទីតាំងនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល សម្រាប់ការចូលរួមហ្វឹកហាត់ជាមួយក្រុមកីឡាករជម្រើសជាតិនៅខេត្តកំពតសមាគមបានជ្រើសរើសកីឡាករ កីឡាការិនី និងគ្រូបង្វឹកចំនួន ៣២នាក់ក្នុងនោះកីឡាករមានចំនួន ១៤នាក់ កីឡាការិនីចំនួន ១៤នាក់ គ្រូបង្វឹកចំនួន ២នាក់ និងគ្រូជំនួយចំនួន ២នាក់។