នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីបានពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន ៖
១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១,៣៨៨ប៊ីលានយ៉េន ស្មើនឹងប្រមាណ ៣៨៣,២២លានដុល្លារអាមេរិក។ សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។
២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។
ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ៕