ក្រុងតាខ្មៅ៖ នាព្រឹក ថ្ងៃពុធ ១៣ កើត ខែស្រាព៍ណ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២
ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងសហការី បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមមាន សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយការបាក់ស្រុតច្រាំងស្ទឹងព្រែកត្នោត ចំនួន ៥៨ គ្រួសារ ស្មើនឹង ០៣ភូមិ រស់នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ទាំង០៣ ភូមិ មានចំនួន ៥៨ គ្រួសារ ដោយគ្រួសាររុះរើនិងចាកចេញពីផ្ទះ២៤គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា ២០០,០០០៛ សរុប ៤,៨០០,០០០៛ ផ្ទះមិនទាន់ រុះរើ៣៤គ្រួសារ បន្តស្នាក់នៅ ក្នុង១គ្រួសារ ទទួលបានថវិកា ១០០,០០០៛ សរុប ៣,៤០០,០០០៛ និងសម្ភារ សរុបជារួម ទទួលបាននូវអង្ករ ១៤៥០ គីឡូក្រាម មី ៥៨ កេស ត្រីខ ១១៦ យួរទឹកសុទ្ធដបធំ ៥៧ កេះ ទឹកស៉ីអ៉ីវ ៥៨ យួរ ទឹកត្រី ៥៨ យួរ ម៉ាស់ ៥៨ ប្រអប់ ជែលលាងដៃ ៥៨ ដប ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ពេលគ្រប់វេលា និងបានខិតខំតស៊ូ ស្វែងរកនូវសុខសន្តិភាព យ៉ាងលំបាកជូនប្រទេសជាតិ និងប្រជាពលរដ្ឋ រហូតមកដល់សព្វថ្ងៃនេះ៕