នៅព្រឹកថ្ញៃទី១២ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម ទន់ សារ៉ត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកវេជ្ជបណ្តិត ឡោ គឹមសុង តំណាងសមាគមគ្រូពេទ្យខ្មែរបារាំង បានអញ្ជើញចុះ សំណេះសំណាល និងត្រួតពិនិត្យការព្យាបាលដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ដែលពិធីនោះ បានរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សា ក្បាលកោះ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ក្នុងពិធីពិនិត្យព្យាបាលនោះដែរ ក៏មានការគោរពអញ្ជើញចូលរួម ដោយ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន អភិបាល ស្រុកកោះសូទិន សប្បុរសជន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅប្រទេសបារាំង និងក្រុមគ្រូពេទ្យពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ព្រមទាំង ប្រជាពលរដ្ឋ ដែលមកទទួលការព្យាបាល និងក្មួយៗសិស្សានុសិស្ស សរុបប្រមាណជាង ២០០នាក់ ផងដែរ ។
នាឱកាសនោះ ឯកឧត្តម ទន់ សារ៉ត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងដ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការពាំនាំ ការផ្តាំផ្ញើ សាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងទឹកដី ឃុំកោះសូទិន ដែលនាពេលកន្លងមក ឯកឧត្តម ខៀវ កាញារីទ្ធ តែងតែគិតគូរ ដល់សុខទុក្ខ របស់បងប្អូន គ្រប់ពេលវេលា ពោលគឺ ឲ្យតែប្រជាពលរដ្ឋជួបការលំបាក តែងមានវត្តមាន ឯកឧត្តម ចុះមកជួយដោយផ្ទាល់ ឬចាត់តាំង តំណាងឲ្យចុះមកជួយប្រជាពលរដ្ឋ បានទាន់ពេលវេលា ។ ជាក់ស្តែង ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំងបារាំង និងគ្រុមគ្រូពេទ្យខ្មែរ របស់ឯកឧត្តម ខៀវ កាញារីទ្ធ បានមកពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋយើង គឺបានបង្ហាញឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ ការព្រួយបារម្ភ អំពីបញ្ហាសុខភាព របស់បងប្អូន ដែលគ្រួសារខ្លះ មានជីវភាពខ្វះខាត មិនមានសមត្ថភាព ក្នុងទៅព្យាបាលជម្ងឺដោយខ្លួនឯង នៅខាងក្រៅបាន ។
ឯកឧត្ដមបានបន្ថែមថា បន្ទាប់ពីការពិនិត្យ ស្វែងរកជំងឺព្យាបាលនៅទីនេះ រួច សូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើតាមការវេជ្ជបញ្ជាររបស់ក្រុមគ្រូពេទ្យ ទាំងការលេបថ្នាំ ត្រូវធ្វើឲ្យបានទៀងទាត់ ហើយនៅពេលមានអាការះ អ្វីមួយមិនប្រក្រតី ណាមួយកើតឡើង ឆាប់រួសរាន់ ទៅពិនិត្យ នៅឯមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិនជាបន្ទាន់ ។ ឯកឧត្តម ក៏បានលើកឡើងទៀតថា តាមរយៈ ក្រុមគ្រូពេទ្យទាំងបារាំង ខ្មែរ ចុះមកព្យាបាលជូនបងប្អូន ដោយឥតគិតថ្លៃទៅបាន នាពេលនេះ គឺដោយប្រតេសជាតិមានសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែល នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបអាចឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកកោះសូទិន និងនៅទូទាំងប្រទេស អាចពិនិត្យពិគ្រោះយោបល់ពីគ្រូពេទ្យ ធ្វើការតាមដានសុខភាពរបស់ខ្លួន ហើយអាចដើរហើរបានគ្រប់ទីកន្លែង ។ ផ្ទុយទៅវិញ បើសិននាពេលនេះ ប្រទេសមានសង្រ្គាម ដូចទៅនឹងប្រទេសអ៊ុនក្រែនវិញ ពេលនេះ ម៉ោងនេះ គឺប្រជាពលរដ្ឋកម្ជុជា ទាំងអស់ មិនអាចមានពេលវេលា មកពិនិត្យឬព្យាបាលជំងឺផ្សេងៗ បាននោះឡើយ ។
លោកវេជ្ជបណ្តិត សៅ សំបូរ ប្រធានក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន តាមរយៈ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកវេជ្ជបណ្តិត ឡោម គឹមសុង តំណាងសមាគមគ្រូពេទ្យខ្មែរបារាំង និងលោក លោកស្រី ឧសថការីខ្មែរ នៅប្រទេសបារាំង សមាគម sos Cambodia Kids ដែលបានចុះមកពិនិត្យបាល ជូនប្រជាពលដ្ឋ ដោយឥតគិតថ្លៃ មានដូចជា÷ ជំងឺទូទៅ ពិនិត្យភ្នែក ជូនវែនតា ចាក់ម្ជុលវិទ្យាសាស្រ្ត និងនាំយកកាតាប ថ្នាំដុះធ្មេញ សៀវភៅ ច្រាសដុះធ្មេញ សាប៉ូដុះខ្លួន ខ្មៅដៃ ចែកជូនសិស្សបឋមសិក្សាចំនួន ២០០នាក់ ។ ដែលទង្វើ និងទឹកចិត្តប្រកបដោយសប្បុរសធម៌ មនុស្សធម៌ របស់សមាគមក្រុមគ្រូពេទ្យខ្មែរ នៅប្រទេសបារាំង ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំកោះសូទិន នាពេលនេះ ។ លើសពីនេះទៅទៀតនោះ កាយវិការមនុស្សធម៌នេះ នឹងដឹតដាមជាប់ក្នុងក្រអៅបេះដូង របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំង ចងចាំនូវគុណបំណាច់ដ៏ថ្លៃថ្លា និងសង្ឃឹមថា លោកវេជ្ជបណ្តិត ឡោ គឹមសុង នឹងដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រ នៅប្រទេសបារាំង បន្តចុះជួយប្រជាពលរដ្ឋ ក្នុងទឹកដី ស្រុកកោះសូទិន ជាបន្តបន្ទាប់ទៀត ផងដែរ ៕