នាព្រឹក ថ្ងៃអង្គារ ១១រោច ខែស្រាព៌ណ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២២
ឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានដឹកនាំគណ:ប្រតិភូខេត្តកណ្ដាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាវីរិយោភិវ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនានូបត្ថម្ភក៏ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅគេហដ្ឋានលេខ៧ ផ្លូវ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងសេចក្ដីវិប្បយោគដ៏សែនក្រៀមក្រំ សេចក្ដី សោកស្ដាយ អាឡោះអាល័យ ប្រកបដោយភាពសង្វេគ នេះដែរ មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណ:អភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងខេត្តទាំង៣ លោកអភិបាលក្រុង-ស្រុក លោក លោកស្រី នាយកទីចាត់ការសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ។
ការបាត់បង់ មហាវីរិយោភិវ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខេរ៉ូ ស៊ុនស្រេង គឺជាការបាត់បង់ នូវឪពុក ឪពុកក្មេក បង ប្អូន ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ និងជាទីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងពោរពេញដោយសង្គហធម៌ ព្រហ្មវិហារធម៌ និងការសន្ដោសប្រណី ចំពោះកូនៗ ប្អូនៗ និងចៅៗ ជាពិសេសក៏ជាការបាត់បង់នូវសប្បុរសជនដ៏សំខាន់មួយរូប ដែលបានចូលរួមចំណែកក្នុងការងារសាសនា និងការងារមនុស្សធម៌ ។
ក្នុងឱកាសដ៏សែនក្រៀមក្រំ ពោរពេញទៅសមានទុក្ខ និងដោយសេចក្ដីសោកសង្វេក សោកស្ដាយ អាឡោះអាល័យជាពន់ពេក ឯកឧត្ដមសូមចូលរួមនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមលើកហត្ថប្រណម បង្គំអញ្ចលី ឧទ្ទិសបួងសួងដល់តេជះបារមីនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធសព មហាវីរិយោភិវ័ក្ខ សិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ សូមបានយោនយោគ និងចាប់បដិសន្ធិទៅកាន់ឋានបរមសុខស្ងប់ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕