បន្ទាប់ពីទទួលបានបណ្តឹងតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរាយការណ៍ថា មានករណីបុរសជាសន្តិសុខម្នាក់ បានធ្វើសកម្មភាព លួច ម៉ូតូ០១គ្រឿង និងលួចទូរស័ព្ទដៃចំនួន០៣គ្រឿង ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង២២និង៣០ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុច អគារខុនដូរលេខ៣៥ ផ្លូវ៤៥៦កែង១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន នោះរួចមក។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ដែលមាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ រស់ ផល្លីដាលីន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាសន្តិសុខ ធ្វើការ និងស្នាក់នៅទីតាំងកើតហេតុខាងលើ កាលពីវេលាម៉ោង០៧និង២០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវ៥២៨ កែង២៨៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក Honda Today ពណ៌ផ្កាឈូក ស្លាកលេខកំពង់ធំ 1M-0014 និងទូរស័ព្ទដៃចំនួន០៣គ្រឿង ដោយក្នុងនោះមាន ទូរស័ព្ទម៉ាក Realme ពណ៌ខៀវចំនួន០២គ្រឿង និង ម៉ាក iPhone 11pro ពណ៌ស្លែ ០១គ្រឿង ប្រគល់ជូនជនរងគ្រោះវិញផងដែរ។
ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួចម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿង ពីកន្លែងខ្លួនធ្វើការ ពិតប្រាកដមែន។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕