ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបើកដំណើរការ ការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹក នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដែលមានប្រវែង១,០០០ម៉ែត្រ ស្របតាមផ្លូវបេតុង (ផ្លូវបឹងរំចង់) ពីផ្លូវជាតិលេខ២ ឆ្ពោះមក ភូមិព្រែកកំពឹស ដោយឯកឧត្តម រ័ត្ន ស្រ៊ាង និងក្រុមការងារ រួមជាមួយ ក្រុមហ៊ុនបុរី ប៊ែលវីឡា រួមគ្នាចំណាយថវិកា ក្នុងគម្រោងទឹកប្រាក់ សរុបប្រមាណជា ៥០,០០០$ (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក)។
ប្រព័ន្ធលូរំដោះទឹកមួយខ្សែនេះមានសារប្រយោជន៍សំខាន់ណាស់ ដែលអាចធានា រំដោះទឹកពីក្នុងសង្កាត់ចំនួន០៤ គឺទឹកដែលហូរជន់ធ្លាក់មកពីសង្កាត់ស្ពានថ្ម សង្កាត់រលួស សង្កាត់ទៀនចូលមកភូមិសាស្ត្រ សង្កាត់ព្រែកកំពឹសតាមមុខច្រក បុរីវីអាយភី ដែលអាចធ្វើឱ្យប៉ះពាល់លិចលង់ដល់ភូមិព្រែកកំពឹសទាំងមូល និងមួយផ្នែកនៃ ភូមិក្រាំងស្វាយ ។ ប្រព័ន្ធលូមួយខ្សែនេះគឺមានគុណសម្បត្តិទទួលរំដោះទឹកដែលហូរកាត់សង្កាត់ទាំង៤ក្នុងខណ្ឌដង្កោខាងលើ បង្ហូរចូលប្រឡាយលេខ៦៦ ចាក់ឆ្ពោះចុះទៅដល់ស្ទឹងតាហោ តាមប្រព័ន្ធលូធំដែលឯកឧត្តម រ័ត្ន ស្រ៊ាង ធ្លាប់បានជួយកសាង និងបានជួលជុលកែលម្អឡើងវិញកាលពីឆ្នាំកន្លងមក។
ដូចទម្លាប់រាល់ដងផងដែរ រាល់ពេលមានកម្មវិធីចុះមូលដ្ឋាន ឯកឧត្តម រ័ត្ន ស៊្រាង បាននាំយកនូវ អាហារសម្រន់ ភេសជ្ជៈ និងទឹកសុទ្ធ ចែកជូនសមាជិកចូលរួមទាំងអស់ បរិភោគរួមគ្នា ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល។ តែសម្រាប់កម្មវិធី លើកនេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានចែកបន្ថែម នូវភេសជ្ជៈផ្លែឈើជូនដល់បណ្តាភូមិទាំងអស់ ក្នុងសង្កាត់ព្រែកកំពឹស ព្រមទាំង សាលាសង្កាត់ និងបានឧបត្ថម្ភថវិកាដល់សមាជិកយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ក៏ដូចជាកម្លាំងរក្សាសន្តិសុខ សណ្តាប់ដែលបានចួលរួមគ្រប់ៗគ្នា៕