ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិ និងនវកាយរឹទ្ធប្អូន ចំនួន ៥៤៨ នាក់ (ស្រី ៣៤៧ នាក់) មកពីតាមបណ្តាសាលារៀនចំនួន០៩ មានឋមសិក្សា វិទ្យាល័យ និងសាលាអន្តរជាតិ ស្ថិតក្នុងស្រុកចំនួន៣ រួមមានស្រុកត្បូងឃ្មុំ ស្រុកតំបែរ និង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំពោះសញ្ញាម្រាមដៃ៣មានអត្ថន័យថា “សេចក្ដីស្មោះត្រង់ ភក្ដីភាព និង ភាពបរិសុទ្ធ “។
ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាកណ្តោលជ្រុំ ស្ថិតក្នុងភូមិកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីតំណាងមន្ទីរ អង្គភាពជំនាញ ជុំវិញខេត្ត ព្រមទាំងប្អូនៗដែលជាកាយរឹទ្ធិប្អូន និងកាយរឹទ្ធិរៀមច្បងជាច្រើនរូបផងដែរ។
មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើង នូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្តបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មី និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៏លើកឡើងបន្តទៀតថា កាយរឹទ្ធិជាតិកម្ពុជា គឺជាអង្គការអប់រំស្ម័គ្រចិត្ត សម្រាប់កុមារ និងយុវជនក្នុងសាលារៀន និងសហគមន៍ ហើយបើកចំហដល់ជនគ្រប់រូប ដោយមិនគិតពីដើមកំណើត សញ្ជាតិ ឬគោលជំនឿ ដោយអនុលោមទៅតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ។
ដូច្នេះការចូលរួមជាសមាជិកកាយរឹទ្ធិ និងកាយរឹទ្ធិប្អូន នាពេលនេះ គឺជាការគាំទ្រប្រកបដោយសុទិដ្ឋិនិយម ព្រមទាំងជំរុញការអនុវត្តនូវចលនាប្រឡងប្រណាំង ៣ល្អ កូនល្អ សិស្សល្អ និងមិត្តល្អ ជាពិសេសកុមារ និងយុវជនខេត្តត្បូងឃ្មុំ ឲ្យកាន់តមានភាពកក់ក្ដៅក្នុងការអនុវត្ត និងគោរពច្បាប់កាយរឹទ្ធិទាំង ១០ ប្រការ ដោយការខិតខំរៀនសូត្រ និងធ្វើអំពើល្អរបស់ខ្លួន រួមចំណែកលើកកម្ពស់អប់រំសីលធម៌សង្គម ប្រាជ្ញា ស្មារតី អភិវឌ្ឍន៍រាងកាយបំណិនឥរិយាបទជំនាញទន់ សំដៅប្រែក្លាយទៅជាពលរដ្ឋល្អ ជាកម្លាំងចលករដ៏សំខាន់សម្រាប់ថែរក្សាសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍប្រទេស ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បន្ថែមថា ការចូលរួមរបស់យុវជនក្នុងការងារសង្គម គឺពិតជាមានសារៈសំខាន់បំផុត ពីព្រោះកិច្ចការទាំងអស់មានផលប្រយោជន៍ ទាំងខ្លួនពួកគេផ្ទាល់ និងសង្គមជាតិទាំងមូល។ ជាងនេះទៅទៀត ធ្វើឲ្យយុវជនបានសិក្សារៀនសូត្រ ពីបញ្ហាសង្គមតាំងពីពួកគេនៅសិក្សាថ្នាក់បឋម អនុវិទ្យាល័យ និងវិទ្យាល័យ ក៏ដូចជាដើម្បីឲ្យពួកគេជៀសឆ្ងាយ ពីអំពើខុសច្បាប់ផ្សេងៗផងដែរ៕