នៅរសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២២
នៅសាលប្រជុំអគារAសាលាខេត្តមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តចំនួន៤រូបនិង២រូបត្រូវបាន
ផ្ទេរកិច្ចទៅកាន់ខេត្តស្ទឹងត្រែង។ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧០៦អនក្រ.តត ចុះថ្ងៃទី៣០ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំងមន្រ្តីរាជការចំនួន៤រូប ឱ្យកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីមានដូចខាងក្រោម៖
១- លោក ងិន ណែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត ។
២- លោក ខ័ណ្ឌ ចំណាន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត។
៣- លោក ម៉ា វិចិត្រ ឋានន្តរស័ក្តិវរមន្តថ្នាក់លេខ៣ ជាអភិបាលរងខេត្ត។
៤- លោក វ៉ាន់ សោភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងមុខងារសាធារណៈ ជាអភិបាលរងខេត្ត។
យោងអនុក្រិត្យរបស់រាជរដ្ឋាភិបាលលេខ៥១៨ចុះថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានផ្ទេរភារកិច្ចអភិបាលរងខេត្តចំនួន២រូបរួមមាន លោក គិត ទ្រី ពីអភិបាលរខេត្តរតនគិរី
ទៅជាអភិបាលរងខេត្តស្ទឹងត្រែង។ លោក យឹម ផែន ពីអភិបាលរងខេត្ត ពីអភិបាលរងខេត្តរតនគិរី ទៅជាអភិបាលរងខេត្តស្ទឹងត្តែង។
ដោយឡែកលោក ជា ថាវរិទ្ធ ពីអភិបាលរងខេត្តស្ទឹងត្រែងមកជាអភិបាលរងខេត្តរតនគិរី។លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ មកជាអភិបាលរងខេត្តរតនគិរី។
ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី មានប្រសាសន៍ថា តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តបានសម្តែងនូវការស្វាគមន៍ការចូលកាន់តំណែងអភិបាលរង នៃគណ:អភិបាលខេត្ត និង ផ្តាំផ្ញើដល់លោកអភិបាលរងខេត្តដែលត្រូវបានតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារ:កិច្ចរបស់ខ្លួនអោយបានល្អប្រសើរជាពិសេសត្រូវសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ប្រកបដោយមនសិការវិជ្ជាជីវ: មានការទទួលខុសត្រូវ និងប្រកាន់ភ្ចាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។
មានប្រសាសន៍សំណេះសំណាល នាឱកាសនេះឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍សម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានខិតខំរួមគ្នាយ៉ាងសកម្មបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវសម្រេចបានសមិទ្ធផលល្អ ក្នុងការធានាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ។ ជាពិសេសថែរក្សាបាននូវសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទី៥កន្លងមក ដែលមជ្ឈដ្ឋានជាតិ អន្តរជាតិវាយតម្លៃថា ជាការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមច្បាប់។ ហើយសមិទ្ធផល និងស្មាដៃដែលខេត្តសម្រេចបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា ដើម្បីពង្រឹងប្រសិទ្ធ ភាពការងារដឹកនាំគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ ស្តីពីវិសោធន៍កម្មច្បាប់មាត្រ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោល បំណងកែសម្រួលចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នដូចជាការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និងលិខតិបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន៕ រាយពីអ្នកសារព័ត៌មានប្រចាំខេត្តរតគីរី