(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តត្បូងឃ្មុំ និងជាឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ ចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តពណ្ណរាយ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។
លោកជំទាវ ក៏បាននាំយកនូវទេយ្យទានទេយ្យវត្ថុព្រមទាំងបច្ច័យវេរប្រគេនជូនព្រះសង្ឃ បានរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន។
ឆ្លៀតក្នុងឳកាសនោះ លោកជំទាវ ក៏បានចែកថវិកាដល់លោកតាលោកយាយចំណុះជើងវត្ត ក៏ដូចជាកុមារាកុមារី ដោយសទ្ធាជ្រះថ្លាបំផុត នៅទីអារាមមួយនេះផងដែរ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីមួយតាមបែបពុទ្ធសាសនា សម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ហើយបានប្រារព្ធធ្វើ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។
ពិធីកាន់បិណ្ឌ ឬដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ឬប្រជុំបិណ្ឌនេះ ធ្វើឡើងដើម្បីទំនុកបម្រុងបច្ច័យ៤ ចំពោះព្រះសង្ឃ ដែលគង់ចាំវស្សា ដោយមានគោលបំណងតបស្នងសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាធ្វើបុណ្យកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ខ្លួនយើងម្នាក់ៗ ហើយបានបុណ្យទៅដល់អ្នក មានគុណរបស់យើង និងបានចូលមកអប់រំខ្លួនយើង ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ៕