បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវទាំងទ្វេ ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ/អង្គភាពជំវិញខេត្ត បានអញ្ជើញកាន់បិណ្ឌទី៣ នៅវត្តដំរិល ស្ថិតនៅឃុំដំរិល ស្រុកអូរាំងឪខេត្តត្បូងឃ្មុំ ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ជាពិធីមួយតាមបែបពុទ្ធសាសនា សម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ហើយបានប្រារព្ធធ្វើ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ គឺតែងតែប្រារព្ធធ្វើជាប្រពៃណីតាំងពីបរមបុរាណតរៀងមក មានគោលបំណងដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅក្នុងទីអារាម ទទួលការផ្គត់ផ្គង់ពីពុទ្ធបរិស័ទចំណុះជើងវត្តទំនុកបម្រុងព្រះសង្ឃ គង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា និងក៏ជារំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។
ឯកឧត្តមបណ្ឌិត បន្តថា បន្ទាប់ពីអំឡុងាការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំងនៅទូទាំងប្រទេស ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ បានធ្វើអោយប្រជាពលរដ្ឋមានឱកាសបានជួបជុំ និងគោរពប្រណិបត្តិ សាសនា តាមជំនឿរៀងៗខ្លួន ជាពិសេសធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៧ ឆ្នាំ២០២២ ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការស្រលាញ់ពេញចិត្តការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដើម្បីដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងសូមបន្តការគាំទ្រនេះ ក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត ។
ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមកប្រគល់ជូនវត្តដំរិល រួមមាន ៖ អង្គរ១តោ ទឹកសុទ្ធ១០០កេះ មី២កេះធំ សាដក៥០ប្រអប់ ទឹកដោះគោ១០០កំប៉ុង ស្ករស៥០គីឡូ. បច្ច័យចំនួន៨លានរៀល ៕