នៅរសៀលថ្ងៃចន្ទ ៩រោចខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២
នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បើកការត្រួតពិនិត្យកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោស្នងការ បានសង្កត់ធ្ងន់ឲ្យកងកម្លាំងនគរបាលខេត្តកណ្តាលទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖
-ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវ ជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋឲ្យបានល្អប្រសើរ
-បង្កើនកិច្ចប្រតិបត្តិការឲ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋ កែសម្រួលឥរិយាបថ ពាក្យសម្តី អាកប្បកិរិយា ឲ្យបានសមរម្យត្រឹមត្រូវ គោលការណ៍សំខាន់គឺ សម្រួលចរាចរណ៍ សម្រួលសន្តិសុខសណ្តាប់ធ្នាប់តាមដងផ្លូវ ឬក៏គោលដៅនានា នាឱកាសបុណ្យភ្ជុំបិណ្ឌ។
-អនុវត្តឲ្យបានដាច់ខាតនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសលោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ត្រូវធានាបានថានៅក្នុងមូលដ្ឋានរបស់ខ្លួនគ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងករណីពិនិត្យឃើញថាមានស្រុក/ក្រុងនីមួយៗ ជាអ្នកទទួលខុសត្រូវ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងនោះ ក៏បានឧបត្ថម្ភជូនដល់លោក-លោកស្រីស្នងការរងក្នុងម្នាក់ៗទទួលបាន៣០០,០០០រៀល អង្ករ៥០គ.ក្រ លោកនាយការិយាល័យទាំង៣១ ក្នុងម្នាក់ៗទទួលបាន១០០,០០០រៀល អង្ករ៥០គ.ក្រ និងចាប់ពីនាយរងការិយាល័យដល់មន្ត្រីក្នុងម្នាក់ៗ៥០,០០០រៀល អង្ករ៥០គ.ក្រ។