សម្តេចក្រឡាហោម បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយគិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួង មហាផ្ទៃបានទទួលបណ្ដឹងសរុបចំនួន២៨៩ករណី ពីសាមីជន សាច់ញាតិ ស្ថានទូត និង អង្គការអន្តរជាតិមួយចំនួន ។
ថ្លែងក្នុងកិច្ចប្រជុំណែនាំការប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងថាបណ្ដឹងដែលក្រសួងទទួលបានមាន ខេត្តព្រះសីហនុមាន២១២ករណី, ពោធិ៍សាត់មាន៤ករណី, ស្វាយរៀងមាន១៨ករណី, ខេត្តកោះកុងមាន៥ករណី, ប៉ៃលិនមាន១ ករណី, ឧត្តរមានជ័យមាន ១៤ករណី, កណ្ដាលមាន១៨ ករណី, សៀមរាបមាន១ ករណី, រាជធានីភ្នំពេញ១៤ ករណី និងខេត្តបន្ទាយមាន ជ័យមាន២ករណី ។ សម្ដេចបន្ថែមថា ពាក្យបណ្ដឹងទាំង នេះ ដំបូងឡើយយើងក៏មិនជឿទុកចិត្តទាំងស្រុងនោះដែរ ប៉ុន្តែឆ្លងកាត់ការអនុវត្តជាក់ ស្ដែងបន្តបន្ទាប់គឺប្រមាណ ៩៥ភាគរយជាការពិត។
សម្ដេចក្រឡាហោមបានបន្តថា ក្រុមប្រតិបត្តិការ ក៏បានស្រាវជ្រាវ និងស៊ើបអង្កេតបានករណីមួយចំនួនដែរ ដោយគិតចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានស្រាវជ្រាវនិងស៊ើបអង្កេតបានចំនួន៨៥ករណី រកឃើញមនុស្ស១៧៦នាក់ មាន៨ សញ្ជាតិ ក្នុងនោះខេត្តព្រះសីហនុច្រើនជាងគេ និងកត់សម្គាល់ថា ភាគច្រើននៃជនរងគ្រោះ គឺធ្វើការនៅ កន្លែងអាជីវកម្មល្បែងភ្នាល់អនឡាញខុសច្បាប់។
ដើម្បីធានាឱ្យកិច្ចប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យប្រកាន់ជំហរឯកភាពគ្នាថា«ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ គឺត្រូវប្រកាន់គោលការណ៍នីតិរដ្ឋ មិនមែនដោយផ្អែកលើល្បែង ស៊ីសងខុសច្បាប់នោះទេ»។
សម្ដេចបន្ថែមថា ទោះបីមាន ការប្រឈមខ្លះក៏ដោយ ប៉ុន្តែគ្រប់គ្នាត្រូវយល់ឱ្យបានត្រឹម ត្រូវថា អំពើជួញដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់នេះ ជាអំពើល្មើសច្បាប់ បម្រើផលប្រយោជន៍តែបុគ្គល ឬក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ពុំមែនបម្រើផលប្រ យោជន៍សាធារណៈ ឬផល
ប្រយោជន៍ប្រជាជនទូទៅឡើយ។
សម្ដេចបានចាត់ទុកបញ្ហាប្រឈមនេះថា ជាឱកាសឱ្យមន្រ្តីបញ្ចេញស្នាដៃ បង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិ បាល និងប្រជាពលរដ្ឋ ដ្បិតប្រសិនបើមានការរារែក មិនច្បាស់លាស់ នឹងមានន័យថាមន្រ្តីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្មានការប្ដេជ្ញាចិត្ត និងមិនអាចបញ្ចេញ ស្នាដៃទទួលខុសត្រូវនោះទេ៕