ក្នុងឱកាសអញ្ជើញចូលរួមបុណ្យសពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុននោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានឆ្លៀតជួបសម្តែងការគួរសមជាមួយឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយា របស់ឯកឧត្តម អាបេ ស៊ីនហ្សូផងដែរ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បាននាំនូវព្រះរាជបន្ទូលព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចូលរួមរំលែកនូវមរណទុក្ខជាមួយរដ្ឋាភិបាល និងក្រុមគ្រួសាររបស់ឯកឧត្តម អាបេ ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។
នៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន និងភរិយារបស់ឯកឧត្តមអាបេ, សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយប្រកបដោយភាពក្រៀមក្រំជាទីបំផុត។ សម្តេចតេជោ បានគូសបញ្ជាក់ថា មរណភាពរបស់ឯកឧត្តម អាបេ គឺជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់សម្តេច ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តម អាបេ ជាមេដឹកនាំមួយរូប ដែលមានគុណបំណាច់យ៉ាងធំធេងសម្រាប់កម្ពុជា៕