ពោធិ៍សាត់៖ ព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២
នៅសាលាខេត្ដពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ដ្រី អាជ្ញាធរ មន្ទីរពាក់ព័ន្ធ បានអញ្ជើញចូលរួមប្រកាស ការចូលកាន់តំណែងគណៈអភិបាលរងខេត្ដ ចំនួន ៤រូបរួមមាន៖
១. លោក បណ្ឌិត ឡាយ វិសិដ្ឋ អតីតប្រធានមន្ទីរកសិកម្ម រុក្ខប្រមញ់ និងនេសាទខេត្ដពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលរងខេត្ដពោធិ៍សាត់។
២. លោក ងួន ប៉ោសេង អតីតអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នជាអភិបាលរងពោធិ៍សាត់។
៣. លោក ហៀម ឃួន អតីតអភិបាលរងខេត្ដកែប បច្ចុប្បន្នជាអភិបាលរងខេត្ដពោធិ៍សាត់។
៤. លោក រុន សារី អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្ដពោធិ៍សាត់ (ខ្មែរឥស្លាម) បច្ចុប្បន្នជាអភិបាលរងខេត្ដពោធិ៍សាត់។
ក្នុងឱកាសនៃពិធី ប្រកាសចូលកាន់តំណែងរបស់ អភិបាលរងចំនួន៤រូប ឯកឧត្ដម ប៉ាវ ហមផាន បានសំណេះសំណាល និងពាំនាំពាក្យផ្ដាំផ្ញើរបស់ សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គពិធី ក៏ដូចជា អភិបាលរង ដែលទេីបចូលកាន់តំណែងថ្មីៗ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ និងបំពេញការងារប្រកបដោយប្រសិទ្ធភាព និង ស្មារតីចូលរួមចំណែកអភិវឌ្ឍសង្គម ព្រមទាំងទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទៅតាមកាព្វកិច្ចរៀងៗខ្លួន លេីបួនចំណុចសំខាន់
១. ទឹកចិត្តបម្រើការងារមុះមុត
២. ភក្ដីភាព
៣. សេវាសាធារណៈ
៤. ក្រមសីលធម៌ វិជ្ជាជីវៈ។
ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើសេចក្ដីរាយការណ៍ សង្ខេប ពីវឌ្ឍនភាព នៃការគ្រប់គ្រងរដ្ឋបាលខេត្តពោធិ៍សាត់កន្លងមក។ អភិបាលរងខេត្ដពោធិ៍សាត់ថ្មីទាំង៤រូប បានធ្វើការប្ដេជ្ញាចិត្តក្នុងការបំពេញបេសកកម្មក្នុងដំណែងថ្មីរៀងខ្លួន។
លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា តំណាង សាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) ក៏បានអញ្ជេីញចូលរួមអបអរសាទរចំពោះការចូលមកកាន់តំណែងរបស់អភិបាលរងថ្មីចំនួន ៤រូប និងជាពិសេស លោក បណ្ឌិត ឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី។