ដើម្បីចូលរួមចំណែក សម្ដែងនូវសមាណទុក្ខ យ៉ាងក្រៀមក្រំ ជាមួយគ្រួសារសព នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេព រង្សី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងការអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ សព មហាឧបាសិកា ទន់ ធី ត្រូវជាម្តាយក្មេក របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០:១៨នាទី រំលងអាទ្រាត ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ ស្ថិតនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី អមដំណើរ ក៏បានអញ្ជើញដាក់កូរោនផ្កា ឈរស្មឹងស្មាត អុចធូប គោរពវិញ្ញាណក្ខន្ធសព និងចូលរួមសម្ដែងនូវសមាណទុក្ខ យ៉ាងក្រៀមក្រំ ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ព្រមទាំង ក្រុមគ្រួសារ សាច់ញ្ញាតិ ចំពោះ ការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ ពោរពេញទៅដោយព្រហ្មវិហារធម៌ ដ៏ល្អប្រពៃ និងបានបីបាច់ថែរក្សា ទំនុកបម្រុងបុត្រធីតា ទាំងអស់ ប្រកបដោយការទទួលខុសត្រូវ យ៉ាងខ្ពង់ខ្ពស់បំផុត ។ ទន្ទឹមនឹងនោះ ទោះបីរូបកាយរបស់ មហាឧបាសិកា ទន់ ធី បានបាត់បង់ទៅមែនពិត ក៏ប៉ុន្តែ អំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ និងស្ថិតនៅស្ថិតស្ថេរ ក្នុងសណ្ដានចិត្ត របស់កូន ចៅ និងញ្ញាតិមិត្ត ជិតឆ្ងាយទាំងអស់ ជានិច្ចនិរន្តរ៍ តទៅអនាគត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និងសហការី អមដំណើរ ក៏បានបួងសួងវត្ថុសក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា ទន់ ធី សូមបានទៅកាន់ទីស្ថាន សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕