សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលកំពុងមានកាន់ប័ណ្ណក្រីក្រប្រភេទ២ ឬប្រភេទប័ណ្ណ៣ នឹងត្រូវប្តូរមកប័ណ្ណក្រីក្រប្រភេទ១ ទាំងអស់ ឱ្យតែស្ម័គ្រចិត្តមកចាប់ឆ្នោតមករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក នេះមិនកំណត់ត្រឹមចំនួននៅពេលនេះទេ បើទោះបីត្រូវបន្ថែម ១ម៉ឺនគ្រួសារ មកទៀត ក៏រាជរដ្ឋាភិបាល ផ្គតផ្គង់ដល់ប្រជាពលរដ្ឋបានដែរ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបែបនេះ ព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរជិត ៣ពាន់គ្រួសារ មករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនដែលសន្យាជាមួយប្រជាពលរដ្ឋនោះទេ តែខិតខំស្វះស្វែងរកលទ្ធភាពផ្តល់ប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋ បើទោះបីការផ្តល់ថវិការឧបត្ថម្ភនោះមិនច្រើន តែអាចជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយសូមបញ្ជាក់ថា ប័ណ្ណក្រីក្រប្រភេទ១ មានសុពលភាពរយៈពេល ១០ឆ្នាំ ត្រូវបន្ថែមពេលវេលាឱ្យបានយូរ ដើម្បីជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ៕