រដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់ថា ពាន«ស្នាដៃពេញមួយជីវិត»មិនសម្រាប់តែម្នាក់ ឯងទេ គឺដោយសារការខិតខំប្រឹងប្រែងរួមគ្នាទាំងអស់របស់មន្រ្តីរាជការក្រសួងព័ត៌មាន។
ការបញ្ជាក់បែបនេះនៅក្នុងឱកាសឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ដើមខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចអនុវត្តន៍បាននាពេលកន្លងមក និងផែនការ ការងារដែលត្រូវបំពេញបន្តបន្ទាប់ខាងមុខទៀត។
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍បញ្ជាក់ថា ពាន«ស្នាដៃពេញមួយជីវិត» ដែល AIDB ប្រគល់ឱ្យនេះ មិនសម្រាប់តែរូប ឯកឧត្តម ផ្ទាល់ម្នាក់ឯងនោះទេ គឺដោយសារការខិតខំប្រឹងប្រែងរួមគ្នាទាំងអស់ របស់មន្រ្តីរាជការ ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ក្នុងកិច្ចការងារលើកកម្ពស់វិស័យព័ត៌មាន និងផ្សព្វផ្សាយ បានយ៉ាងល្អប្រសើរ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌ មាន បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដែលត្រូវបាន វិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ AIBD ផ្តល់ជូននូវពានរង្វាន់ រួមទាំងប្រកាសនីយបត្រទទួលស្គាល់«ស្នាដៃពេញមួយជីវិត» AIBD’s Lifetime Achievement Award ដែលជាការទទួលស្គាល់ស្នាដៃដ៏ធំធេងរបស់ ក្រសួងព័ត៌មានកម្ពុជា ក្នុងការជួយកសាងវិស័យព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ កន្លងមកនេះ ។
សូមបញ្ជាក់ថា ពាន«ស្នាដៃពេញមួយជីវិត» នេះត្រូវបាន ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បាននាំយកពីប្រទេសឥណ្ឌា កាលពីការ ប្រារព្ធមហាសន្និបាត AIBD លើកទី ២០ នាចុងខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ មកប្រគល់ជូន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន៕