ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចែកអាវរងាជូនកងកម្លាំងប្រដាប់អាវុធ គ្រប់អង្គភាពចំណុះយោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើជើងលេខ៥១ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងពិធីប្រគល់អំណោយនេះដែរ ក៏មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការង និងជានាយសេនាធិការ យោធភូមិភាគទី៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
កាយវិកាដ៏ប្រពៃនាព្រឹកនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹងពីសុខទុក្ខកងទ័ពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ និងខ្វាយខ្វល់ពីសុខទុក្ខកងទ័ព និងកងកម្លាំងជួរមុខទាំងអស់ ដែលកំពុងឈរជើងការពារទឹកដី និងប្រជាពលរដ្ឋ។ សូមជម្រាបថា មុននឹងរដូវរងាធ្លាក់ខ្យល់ចូលមកដល់ សម្តេចទាំងទ្វេបានរៀបចំចាត់ចែងបែងចែកសម្ភារៈទៅតាមទិសទុកជូនកងទ័ព និងបានចាត់ឯកឧត្តម ហ៊ុន ម៉ានី ជាតំណាងដើម្បីចុះចែកជូនផ្ទាល់ និងពាំនាំនូវការសាកសួរសុខទុក្ខទៅដល់បងប្អូនកងកម្លាំងគ្រប់អង្គភាព។
សូមបញ្ជាក់ថា ក្រៅពីអំណោយជាអាវរងា ឯកឧត្តមក៏បាននាំមកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗមានដូចជា៖ អង្ករ ២០០ គក មី ១៤ កេស ត្រីខកំប៉ុង ៥ កេស ទឹកដោះគោ ១០ កេស ទឹកត្រី ៣ កេស ប៊ីចេង ១៦ កញ្ចប់ ទឹកសុទ្ធ ៥០ កេស និងម៉ាស ១៥ កេស។