ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារសព និងជនរងគ្រោះ ក្នុងឧប្បវហេតុបាញ់សម្លាប់រង្គាលនៅមជ្ឈមណ្ឌលថែទាំកុមារ ក្នុងខេត្តណងប៊ូឡាំភូ ភាគឦសាន នៃប្រទេសថៃ កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២។
ក្នុងលិខិតចូលរួមរំលែកទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជាចុះថ្ងៃទី០ ៨ ខែតុលា ឆ្នាំ២០២២ ផ្ញើជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃឡង់ដ៍ សម្ដេចតេជោបានមានប្រសាសន៍ថា« ខ្ញុំមានសេចក្តីតក់ស្លុត និងក្រៀមក្រំយ៉ាងខ្លាំងដោយបានទទួលព័ត៌មានអំពីការបាញ់រះសម្លាប់រង្គាលនៅមជ្ឈមណ្ឌលថែទាំកុមារ ក្នុងខេត្តណងប៊ូឡាំភូ ភាគឦសាន នៃប្រទេសថៃ កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ ដែលបានឆក់យកជីវិតមនុស្សជាច្រើនដែលភាគច្រើនជាកុមារនិងមានអ្នករងរបួសមួយចំនួន»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏សែនសោកសៅនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តម រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ ជាពិសេសក្រុមគ្រួសារនៃសព និងជនរងគ្រោះ។
កម្ពុជាស្ថិតនៅជាមួយថៃក្នុងខណៈពេលដ៏សោកសង្រេងនៃឧប្បត្តិហេតុសម្លាប់រង្គាលនេះ និងសូមបួងសួងឱ្យអ្នកដែលទទួលរងរបួសឆាប់បានជាសះស្បើយ។ សូមឯកឧត្តម ទទួលនូវការរាប់អានពីខ្ញុំ៕