កីឡាករប្រដាល់ រិន ដេវីដ ក្លិបនាគរាជចតុមុខ និង ឈុត សេរីវ៉ាន់ថង កីឡាករប្រដាល់ក្លិបរាហ៊ូកីឡាខេត្តបាតដំបង បានយកឈ្នះលើគូប្រកួតដូចគ្នា នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់នៃពានរង្វាន់សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) ទម្ងន់៦០គីឡូក្រាម ជុំទី២ ក្នុងពូលA កាលពីយប់ថ្ងៃទី៩ខែតុលាឆ្នាំ២០២២ លើសង្វៀនTV5 ព្រែកកំពឹស។
រិន ដេវីត បានផ្តួលដៃគូប្រកួត គឺកីឡាករ សៀវ ង៉ុយ ក្លិបអភិរក្សគុនខ្មែររុងរឿង ឲ្យបោះបង់ចោលការប្រកួតនៅក្នុងទឹកទី៤ បន្ទាប់ពីដេវីដបានទាត់រូបគេឲ្យខូចជើងខាងឆ្វេងនោះ ។
នេះជាការបរាជ័យលើកទី២របស់សៀវ ង៉ុយហើយ ខណ: កាលពីប្រកួតជុំទី១ សៀវ ង៉ុយ បានចាញ់វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ ។ ដូច្នេះ សៀវ ង៉ុយ ពីរប្រកួតចាញ់ទាំងពីរប្រកួត បាន២ពិន្ទុប៉ុណ្ណោះ ឯរិន ដេវីដវិញ គេប្រកួតពីរប្រកួតឈ្នះ១ចាញ់១ប្រកួត ទទួលបាន ៤ ពិន្ទុ ។
ចំពោះការប្រកួតជម្រុះមួយគូទៀត ក្នុងពូលA នេះដែរ កីឡាករប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាតដំបង បានប្រកួតឈ្នះកីឡាករ វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ ។
ជាមួយនឹងលទ្ធផលនេះ បានធ្វើឲ្យកីឡាករសេរីវ៉ាន់ថង ស្ថិតនៅលើកំពូលតារាងក្នុងពូលA នេះ បន្ទាប់ពី២ប្រកួតឈ្នះទាំង២ប្រកួត ទទួលបាន៦ពិន្ទុ ។ចំណែកវ៉ាន់វឿនក្នុងការប្រកួត២ប្រកួត គេឈ្នះ១ ចាញ់១ បាន៤ពិន្ទុ ។ កាលពីប្រកួតជុំទី១ វ៉ាន់ វឿន បានឈ្នះកីឡាករសៀវ ង៉ុយ ក្លិបអភិរក្សគុនខ្មែររុងរឿងដោយពិន្ទុ តែជុំទី២នេះ គេបានចាញ់ឈុត សេរីវ៉ាន់ថង ដោយពិន្ទុវិញ ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់នៃពានរង្វាន់ សម្ដេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) មានអ្នកប្រដាល់ជើងខ្លាំងចំនួន ៨រូបចូលរួម ដោយការប្រកួតនេះចែកចេញជា២ពូល ដែលក្នុងមួយពូលៗ មាន៤នាក់ ។ ពូលនីមួយៗត្រូវជម្រុះ២នាក់ចេញ ហើយទុក២នាក់ ដែលមានពិន្ទុលើសគេ ដើម្បីឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ៕