ខេត្តកណ្តាល៖ ករណីលិចទូកចម្លងកូនសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ព្រឹកថ្ងៃនេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់កើនដល់ ៨នាក់ហើយ ខណៈ៤នាក់ត្រូវបានជួយសង្គ្រោះ និង៣នាក់ទៀតកំពុងបន្តបាត់ខ្លួន។
ស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្ត បានបញ្ជាក់ថា ករណីលិចទូកនេះមានមនុស្សសរុបចំនួន ១៥នាក់។ នៅក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់ ក្រុមជួយសង្គ្រោះបានរកឃើញ និងជួយសង្គ្រោះកាលពីយប់មិញចំនួន៦នាក់ ស្លាប់២នាក់ ហើយរហូតមកដល់ព្រឹកថ្ងៃនេះ កម្លាំងបានរកឃើញសពជនរងគ្រោះ ៥នាក់ទៀត ដូច្នេះអ្នកស្លាប់ឡើង៨នាក់ បាត់ខ្លួន៣នាក់ និងនៅរស់៤នាក់។
លោក ឈឿន សុចិត្ត បានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅពេលកូនសិស្សបានចេញពីរៀនរួច ក៏ជិះទូកឆ្លងទៅកាន់ផ្ទះរបស់ពួកគេ នៅលើកូនកោះក្នុងភូមិកោះចំរើន ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្តង។ លោកថា កន្លងទៅមិនមានគ្រោះថ្នាក់បែបនេះកើតឡើងនោះឡើយ តែលើកនេះមកពីទឹកឡើងទើបជួបហេតុការណ៍អាក្រក់នេះតែម្តង៕