ខេត្តកណ្ដាល៖ ស្រុកកណ្ដាលស្ទឹង គឺជាស្រុកមួយដែលបានអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដែលមានលក្ខណៈ សម្បត្តិ ៧យ៉ាង បានល្អប្រសើរជាងគេក្នុងចំណោមក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល ហើយស្រុកកណ្ដាលស្ទឹងនឹងធ្វើជាគំរូគេក្នុងចំណោមក្រុង-ស្រុកទាំងអស់ទូទាំងខេត្តកណ្ដាល។
នេះជាការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយដល់មន្ត្រីគណបក្សឃុំ ក្នុងស្រុកកណ្ដាលស្ទឹង ស្ថិតនៅទីស្នាក់ការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម គង់ សោភ័ណ្ឌ បន្តថា ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដែលមានលក្ខណៈ សម្បត្តិ ៧យ៉ាង ឱ្យបានល្អ គឺដោយមានកិច្ចសហការគ្នាល្អពីអាជ្ញាធរភូមិ ឃុំ ស្រុក ពិសេសដោយមានការចូលរួមពីប្រជាពលរដ្ឋ ទើបធ្វើឱ្យការអនុវត្តនេះបានយ៉ាងល្អប្រសើរ ដោយបានការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលនានារបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិ ដើម្បីធានាការរស់នៅសុខសាន្ត របស់ប្រជាពលរដ្ឋ និងបរិយាកាសល្អសម្រាប់ការបោះឆ្នោត។
ក្នុងឱកាសនោះដែរឯកឧត្តម បានថ្លែងនូវការកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំ យកចិត្តទុកសិក្សារៀនសូត្រ រហូតទទួលបាននូវលទ្ធផលផ្លែផ្កាប្រកបដោយភាពវិជ្ជមាន សម្រាប់ជាប្រទីប ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ឈានទៅដណ្តើមភាពឈ្នះក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តី នីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះ។