ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តនាំយកពូជស្រូវចំនួនប្រមានជាង២១តោន ចែកជូន២១៥គ្រួសារ នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ របស់រាជរដ្ឋាភិបាល ផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋ។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងបងប្អូនប្រជាកសិករ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានបន្តអញ្ជើញចុះជួបសំណេះសំណាល នាំយកពូជស្រូវបម្រុងទុកចំនួនជាង២១តោន របស់រាជរដ្ឋាភិបាលកម្ពុជា ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន ទៅចែកផ្តល់ជូនប្រជាកសិករប្រមាណ២១៥គ្រួសារ ក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ដើម្បីស្តារការបង្កបង្កើនផលឡើងវិញ បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ឡើងលិចបំផ្លាញស្រែស្រូវកសិករ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការបន្តផ្ដល់ជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រួសាររងគ្រោះ និងងាយរងគ្រោះ បន្ទាប់ពីគ្រោះទឹកជំនន់នេះ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរ និងណែនាំដល់ប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល ក្នុងការស្ដារឡើងវិញ ដើម្បីជួយដល់ជីវភាពរស់នៅរបស់បងប្អូន។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឱ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើអោយភូមិ/ឃុំ ប្រែជា” ភូមិ ឃុំ ស ស្អាត ” ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕