ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២
ឯកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំយ៉ាងអធិកអធមអឺងកង ពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២២នេះ អមជាមួយការប្រណាំងទូកង ការតាំងលក់ទំនិញពិព័រណ៍ពាណិជ្ជកម្ម ការប្រគុំតន្រ្តីខ្នាតធំ អកអំបុកសន្តិភាព ការបណ្តែតប្រទីប ការដុតកាំជ្រួចនាពេលរាត្រី និងកម្មវិធីជាច្រើនទៀត។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន-អនុប្រធាន មន្ទីរនានាជុំវិញខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត អភិបាលក្រុង/ស្រុក ទាំង៧ និងអ្នកពាក់ព័ន្ធ។
សូមជម្រាបក្នុងកិច្ចប្រជុំបានសម្រេច ប្រារព្ធពិធីនេះចំនួន០៣ថ្ងៃ ធ្វើឡើងនៅទីតាំងចំនួន០២ផ្សេងគ្នា ក្នុងនោះទីតាំងទី១ ធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា នៅកស្សិណទឹកតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ហ្លួងព្រះស្តេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក។ នាពេលថ្ងៃមានរៀបចំការប្រណាំងទូកចំនួនប្រមាណ២៣គូ សរុបចំនួនប្រមាណ៤៦ទូក មានចំណុះទូកសរុប៧៦៩ និងថ្នាក់ដឹកនាំទូក១២៨នាក់។ ក្នុងនោះទូកអន្តរជាតិ មានចំនួន២៨ទូក ប្រណាំងចម្ងាយ៦០០ម៉ែត្រ, ទូកផ្ការចារ មានចំនួន៤ទូក ប្រណាំងចម្ងាយ៣០០ម៉ែត្រ, ទូកត្នោត មានចំនួន០៣ទូក ប្រណាំងចម្ងាយ១០០ម៉ែត្រ និងខ្ទះត្នោត មានចំនួន១១ ប្រណាំងចម្ងាយ៥០ម៉ែត្រ។ ចំណែកពេលយប់មានការបណ្តែតប្រទីប សំពះព្រះខែ អកអំបុក ទស្សនាការបាញ់កាំជ្រួច និងមានល្ខោនបាសាក់ ជាកេរ្តិ៍ដំណែលដូនតានៃយើង។
ដោយឡែកទីតាំងទី២ ធ្វើឡើងចំនួន០៣ថ្ងៃពេញ នាថ្ងៃទី០៧-០៨និងទី០៩ ខែវិច្ឆិកា នៅបរិវេណមុខសាលាខេត្តត្បូងឃ្មុំ មានការតាំងពិពរណ៍ពាណិជ្ជកម្មស្តង់ជាច្រើននូវផលិតផល-ម្ហូបអាហារចម្រុះ ការប្រគុំតន្ត្រីខ្នាតយក្សមានតារាចំរៀងល្បីៗជួរមុខប្រមាណ១៦នាក់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទស្សនារាំលេងកម្សាន្តសប្បាយ និងការដុតកាំជ្រួចយ៉ាងស្រស់ស្អាតផងដែរ។
ក្នុងកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងពីវិធានការជុំវិញកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការបញ្ជៀសចរាចរណ៍រថយន្តក្នុងពេលប្រារព្ធពិធី ការត្រៀមរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករអុំទូកស្នាក់នៅ និងការរៀបចំទីលានប្រណាំងទូក ការដាក់ចេញនូវផែនការសង្គ្រោះទូកលិច ការសង្គ្រោះអ្នកជំងឺ ការរៀបចំតុបតែងលំអសោភ័ណភាព អនាម័យ បរិស្ថាន និងអគ្គិសនី ការផ្សព្វផ្សាយនាមសប្បុរសជន ការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍ប្រណាំងទូក ដោយក្រុមការងារមន្ទីរព័ត៌មានខេត្ត ក្រៅពីនោះក៏បានពិភាក្សាលើការងារសំខាន់ៗមួយចំនួនទៀត។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តថា ដោយសារពេលវេលាកាន់តែខិតជិតមកដល់ហើយនោះ សូមឱ្យអនុគណៈកម្មាកាដែលបានបែងចែករួចទទួលបន្ទុករៀបចំ ធ្វើការបែងចែកទៅតាមក្រុមការងារជំនាញរៀងៗខ្លួន ពិសេសការរៀបចំសម្អាតសោភ័ណភាពទីតាំងប្រារព្ធពិធី មានដូចជា អនាម័យបរិស្ថាន ការទុកដាក់សម្រាម ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ទាំងនៅទីតាំងប្រណាំងទូក និងទីតាំងតាំងពិព័រណ៍ការប្រគុំតន្រ្តីកម្សាន្ត។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់ខ្ពស់ និងឲ្យបានល្អប្រសើរ ព្រោះថាខេត្តត្បូងឃ្មុំកំពុងអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ ដោយឡែកប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាពពេញលេញ មានផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ បូករួមការផ្សព្វផ្សាយបានទូលំទូលាយបន្ថែមទៀតនោះ នឹងមានបងប្អូនប្រជាពលរដ្ឋមិនថានៅក្នុងខេត្ត បណ្តាខេត្តនានា ក៏ដូចជារាជធានីភ្នំពេញ មកចូលរួមកម្មវិធីយ៉ាងអធិកអធមមួយនេះយ៉ាងច្រើនកុះករជាក់ជាមិនខាន៕