មហាឧបាសិកាពុទ្ធសានូបត្ថមក៌ សង ពិន ត្រូវម្ដាយរបស់ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី មន្ត្រីក្រោមឱវាទ អាជ្ញាធរដែនដី ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានប្រារព្ធពិធីដង្ហែអង្គកឋិនទានទៅកាន់វត្តកំចាយមារ ស្ថិតនៅក្នុងឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
អង្គកឋិកទាននេះ មានការចូលរួមពីសំណាក់បុត្រាបុត្រីកូនចៅ រួមនឹងសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃស្នកការខេត្តត្បូងឃ្មុំ អាជ្ញាធរដែនដី បានប្រមូលបច្ច័យបានចំនួន៣៦.៩០០ដុល្លា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តបន្តទៀតផងដែរ។
ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងសាសនាព្រះពុទ្ធសាសនា ហើយ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ តាមពុទ្ធានុញ្ញាត។
ឆ្លៀតឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ បានគូសរំលឹកដឹងថា : ក្រោយពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ វិស័យពុទ្ធសាសនា បានរស់រានឡើងវិញរហូតមកដល់សព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ មានទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយធានាបាននូវស្ថិរភាពនយោបាយពន្លត់សង្រ្គាមរ៉ាំរ៉ៃបានទាំងស្រុង និងទោះក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ កី្ត ក៏កម្ពុជាជំនះបានដោយជោគជ័យ ។
វត្តអារាម និងវិស័យព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គមខ្មែរជាទីកន្លែងអប់រំ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គម ដោយមានសទ្ធាជ្រះថ្លា ដើម្បីជាការចូលរួមលើកស្ទួយ វិស័យពុទ្ធចក្រ និងអាណាចក្រ។ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋដែលបន្តកេរ្តិ៍ដំណែល តាំងពីបុរាណកាលមកទុកសម្រាប់កូនចៅជំនាន់ក្រោយតរៀងមក ដល់ពេលបច្ចុប្បន្ន និងបានបង្ហាញពីវប្បធម៌ ប្រពៃណីរបស់ខ្មែរតាំងពីជាយូរយារណាស់មកហើយ ដែលនេះជាកម្លាំងសាមគ្គីក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខ។
ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា និងលោកជំទាវ សូមប្រគេនពរ និងជូនពរដែលកើតចេញពីបុណ្យកឋិនទាននាឱកាសនេះ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទំាងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួន ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕