ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានទទួលអំណោយពីសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកណ្តាល នារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាលនិងសហការី បានថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌ របស់ព្រះសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ក្នុងការយកព្រះទ័យទុកដាក់ ប្រទាន នូវទេយ្យទាន គ្រឿងឧបភោគបរិភោគ នេះសបញ្ជាក់ ពីព្រះទ័យ ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេនជូនចំពោះសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ដែលបានផ្តល់ជូននូវអំណោយដ៏ថ្លៃថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះនិងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ឯកឧត្តមបន្តថា៖ គ្រឿងឧបភោគបរិភោគ និងសំភារះទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
សូមបញ្ជាក់ថា៖ អំណោយរបស់សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ដែលបានផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមមាន ៖ អង្ករចំនួន ៣ តោន មីចំនួន ១០០ កេស ទឹកផ្លែឈើ ៥០កេស សំភារះផ្ទះបាយមួយចំនួន និងបច្ច័យ ១០.000.000 រៀលផងដែរ៕