នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ផ្វាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈពេលដែល ឯកឧត្តម កំពុងស្នាក់នៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងក្នុងជំនួបនេះ ឯកឧត្តម ផ្វាម មិញជិញ បានអបអរសាទរចំពោះជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្កលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមរយៈការជួបប្រជុំដោយផ្ទាល់។ ទន្ទឹមនឹងនេះ ឯកឧត្តម នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះលទ្ធផលវិជ្ជមានជាច្រើននៃទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទៅកាន់ប្រទេសវៀតណាមកាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ជាមួយគ្នាផងដែរ ឯកឧត្តម ក៏បានធ្វើការអបអរសាទរដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានប្រព្រឹត្តទៅនៅក្នុងខែឧសភា កន្លងមក តាមលក្ខណៈប្រជាធិបតេយ្យ និងប្រកបដោយបរិយាកាសសុខសន្តិភាព។ លើសពីនេះ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានសម្តែងនូវការគាំទ្រចំពោះបេក្ខភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ភាគីមិត្តវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៣ និងពិធីបិទការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានលើកទី៣០ នៅរដ្ឋធានីហាណូយ ដែលទើបបញ្ចប់ទៅដោយជោគជ័យថ្មីៗនេះ។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ ក៏បានអបអរសាទរចំពោះជោគជ័យរបស់ប្រទេសវៀតណាមក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ ដែលបានបង្កលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍កងទ័ពជើងគោកអាស៊ានទាំងអស់ខាងលើនេះ។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានធ្វើការអបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចជាផ្លូវការលើកទី១ របស់ ឯកឧត្តម នាយករដ្ឋមន្ត្រី នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចុះអនុស្សារណៈនៃការយោគយល់ចំនួន ១១ ដែលជាកត្តាជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អនិងការគាំទ្ររបស់រដ្ឋាភិបាល បក្ស និងប្រជាជនវៀតណាម ដល់ដំណើរការកសាង និងអភិវឌ្ឍនលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈកាលកន្លងមក។
ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានឯកភាពផងដែរអំពីចំណងមិត្តភាពជាលក្ខណៈប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ហើយដែលត្រូវពង្រឹង និងពង្រីកឱ្យបានរឹងមាំថែមទៀតលើគ្រប់វិស័យ ជាពិសេសរវាងប្រជាជន និងប្រជាជន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ, ពាណិជ្ជកម្ម ជាដើម ។ល។