កណ្តាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឲ្យកម្លាំងផ្នែកជំនាញពាក់ព័ន្ធប្រញាប់ប្រញាល់បើកការស្រាវជ្រាវជាបន្ទាន់ កំណត់រកអត្តសញ្ញាណបក្ខពួកជនបង្ក ដើម្បីយកមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ចំពោះក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ និងដំបង ចំនួន០២ក្រុមដែលបានបើកឆាកប្រយុទ្ធគ្នា ដោយមិនដឹងមូលហេតុ ជាហេតុបណ្ដាលឲ្យមានការរំខានដល់ដំណេកប្រជាពលរដ្ឋនៅជិតខាង នៅចំណុចផ្លូវកែងផ្សារតាខ្មៅចាស់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ធ្វើឡើងក្រោយពីទទួលបានព័ត៌មានខាងលើភ្លាមៗ។
តាមប្រភពបានឲ្យដឹងថា កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាខ្មៅ នៅថ្ងៃចន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យដល់ទីតាំងខាងលើ ស្ថិតនៅផ្លូវលេខ១០៧ កែង២០៦ ផ្សារតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលបានឱ្យដឹងថា យោងតាមការបំភ្លឺរបស់ឈ្មោះ ប៉ិន ជីវ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកហាងស៊ុបខ្យង យីហោសុគន្ធារី មានអាសយដ្ឋាននៅ កោះពេជ្រ ដែលបានស្ថិតនៅក្នុងព្រឹត្តិការណ៍នោះ បានបំភ្លឺថា៖ ជម្លោះនោះគឺជនបង្កនៅម្តុំចាក់អង្រែ ហើយម្ខាងទៀត គឺជាកម្មករស្នាក់នៅលើផ្សារតាខ្មៅចាស់ ជាកម្មករលក់ស៊ុបខ្យងនៅកោះពេជ្រ។
ប្រភពដដែលបន្តថា នៅថ្ងៃខែវេលាកើតហេតុខាងលើ ឈ្មោះ ប៉ិន ជីវ៉ា បានបើក Passapp ដឹកថៅកែស្រី ចេញពីកន្លែងលក់ដូរត្រលប់មកផ្ទះវិញពេលជិះតាមផ្លូវ ក៏មានបុគ្គលិកទូរស័ព្ទមកថា នៅម្តុំចាក់អង្រែមានមនុស្សដេញពួកគេទៀតហើយ ពេលនោះឈ្មោះ បុិន ជីវ៉ា បានដឹកថៅកែស្រី ទៅកន្លែងកើតហេតុប៉ុន្តែមិនឃើញមានរឿងអ្វីនោះទេ ឃើញតែកូនចៅថៅកែស្រី ពេលនោះថៅកែស្រី បានដេញពួកគាត់នាំគ្នារកកន្លែងដេកទៅ និងចាក់សោររបងឲ្យស្រួលបួល ហើយឈ្មោះ បុិន ជីវ៉ា បានដឹកថៅកែស្រី ទៅផ្ទះ ពេលជិះត្រលប់មកវិញដល់រង្វង់មូលតាខ្មៅ ឈ្មោះ បុិន ជីវ៉ា បានទូរស័ព្ទទៅក្រុមការងារគាត់ដែលស្នាក់នៅលើផ្សារនោះឲ្យបើកទ្វារ ពេលមកដល់ឃើញមានម៉ូតូ ០២គ្រឿង ឈប់នៅជិតនោះមានគ្នា ០៤នាក់ ហើយឈ្មោះ បុិន ជីវ៉ា ក៏ជិះឡើងចូលផ្សារ ស្រាប់ពួកវាស្រែកថានឹងហើយពួកវា ក៏បានយកដុំថ្មគប់សំដៅមកឈ្មោះ បុិន ជីវ៉ា ចំនួន ០៤ទៅ ០៥ដុំ ឃើញដូចនោះអ្នកនៅលើផ្សារនោះក៏បាននាំគ្នាមកជួយដោយខ្លះកាន់ទុយោជ័រ នឹងខ្លះកាន់ដំបង ឃើញដូចនោះ បក្ខពួកជនបង្កបានបើកម៉ូតូរត់ចេញពីកន្លែងកើតហេតុ សំដៅមកភ្នំពេញវិញបាត់ទៅ។
គួរជម្រាបជូនថា បច្ចុប្បន្ននេះកម្លាំងផ្នែកជំនាញពាក់ព័ន្ធកំពុងដុតដៃដុតជើងស្រាវជ្រាវ រកអត្តសញ្ញាណ បក្ខពួកជនបង្ក ដើម្បីយកមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕