ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ចាន់ ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលាខេត្តកណ្ដាល។
ឯកឧត្តម ចាន់ ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងជំនួបពិភាក្សាការងារនេះ គឺមានគូសបំណងស្វែងយល់បន្ថែម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និង កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់ ក្នុងខេត្តកណ្ដាល ដើម្បីស្វែងរកនៅបញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលរដ្ឋបាលខេត្តកណ្ដាលកំពុងជួបប្រទះ ឱ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និង កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់ ដើម្បីសម្រាលការលំបាកផ្នែកជីវភាព ក្នុងអំឡុងពេលមានសម្ពាធអតិផ រណា និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់របស់គ្រួសារងាយរងហានិភ័យ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ផ្អែកតាមភាពមិនច្បាស់លាស់ដែលបណ្ដាលមកពីការរាលដាលនៃជំងឺកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនានា បានបណ្តាលឱ្យមាននិន្នាការកើនឡើងនៃថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារ។ ស្របពេលជាមួយគ្នា ក្នុងឆ្នាំ២០២២ ខេត្តកណ្ដាល បានរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។
ឯកឧត្តមអភិបាលខេត្ត បន្តថា គ្រួសារងាយរងហានិភ័យ អាចចូលរួមក្នុងកម្មវិធីនេះបាន គឺជាគ្រួសារដែលបានកំណត់ជាគ្រួសារងាយរងហានិភ័យ តាមរយៈ ការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យរបស់ក្រសួងផែនការ។ គ្រួសារមានប័ណ្ណសមធម៌ ដែលមានសុពលភាព មិនអាចទទួលបានការឧបត្ថម្ភពីកម្មវិធីនេះទេ។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបន្តកិច្ចសហការជាមួយប្រតិភូក្រសួង ក្នុងការចុះពិនិត្យជាក់ស្ដែងនៅតាមស្រុក-ក្រុង និងឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។