សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា កម្ពុជានឹងមានការសាងសង់ស្ពានឆ្លងទន្លេចំនួន ៣បន្ថែមទៀត នៅពេលខាងមុខនេះ ដែលក្នុងនោះរួមមាន ស្ពានឆ្លងកាត់ទន្លេមេគង្គត្រង់ខេត្តក្រចេះ, ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ពីចំណុចផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចបានគូសបញ្ជាក់ទៀតថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ នឹងត្រូវធ្វើឡើងមុនគេ ដោយអាចនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២ ឬទី៦ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានឆ្លងទន្លេចំនួន៣បន្ថែមទៀត។ ក្នុងនោះរួមមាន ស្ពានឆ្លងកាត់ទន្លេមេគង្គត្រង់ខេត្តក្រចេះ ដែលសម្តេចអះអាងថា ស្ពាននេះពិតជាមានភាពចាំបាច់ណាស់សម្រាប់អ្នករស់នៅក្នុងខេត្តក្រចេះ ហើយរាជរដ្ឋាភិបាលក៏មានការតភ្ជាប់ផ្លូវពីខេត្តក្រចេះ កាត់មកស្រុកស្ទោង ខេត្តកំពង់ធំតែម្តង ដែលវានឹងកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំបានយ៉ាងស្រួល។
ដោយឡែក ចំពោះស្ពានទីពីរ គឺស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ ដែលស្ពាននេះជាប្រភេទស្ពានខ្សែកាប មានការតភ្ជាប់ចំនួនពីរ ក្នុងនោះស្ពានទី១ សាងសង់ចេញពីម្តុំផ្សារចាស់ ឆ្ពោះទៅត្រើយជ្រោយចង្វារឆ្លងកាត់ទន្លេសាប និងស្ពានទី២ ចេញពីម្តុំត្រើយជ្រោយចង្វារ ឆ្ពោះទៅតំបន់អរិយក្សត្រឆ្លងកាត់ទន្លេមេគង្គ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាទើបតែចុះហត្ថលេខាក្នុងការទទួលឥណទានសម្បទាន ប្រហែលជិត ២៥០លានដុល្លារ ពីរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃទី៩ ខែធ្នូ កន្លងទៅសម្រាប់គម្រោងសាងសង់ស្ពាននេះ។
ចំពោះគម្រោងសាងសង់ស្ពានមួយទៀតវិញ សម្តេចតជោ ហ៊ុន សែន បញ្ជាក់ថា គឺស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលស្ពាននេះត្រូវសាងសង់ពីតំបន់ល្វាឯម ទៅកាន់ផ្លូវជាតិលេខ១ ដើម្បីភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចបញ្ជាក់បន្ថែមថា ជាការពិតផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺនឹងមានការបង់ប្រាក់ពេលប្រើប្រាស់ ប៉ុន្តែសម្រាប់ការប្រើប្រាស់ស្ពាននេះវិញ សម្ដេចបានទាមទារពុំឱ្យមានការបង់ប្រាក់ឡើយសម្រាប់អ្នកប្រើប្រាស់ស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដែលជាស្ពាន់ភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ស្ពាននេះជាប្រចាំ។ យ៉ាងណាមិញ សម្ដេចតេជោបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនិងបញ្ចេញថវិកាចំនួន ២០០លានដុល្លារ សម្រាប់សង់ស្ពាននេះផងដែរ។