នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រគល់នូវផ្ទះនៃអំពើល្អ និងក្តីស្រឡាញ់ជូនចំពោះក្រុមគ្រួសារលោក លឿង សារុន ដែលជាអតីតមេឃុំគណបក្សប្រឆាំង ស្ថិតនៅក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
ស្ថិតក្នុងឱកាសនោះផងដែរលោក លឿង សារុន ព្រមទាំងក្រុមគ្រួសារបានបង្ហាញនូវការដឹងគុណ និងសប្បាយរីករាយក្រៃលែងដែលធ្លាប់តែនៅក្នុងខ្ទមកំសត់ តែពេលនេះដោយសារការយកចិត្តទុកដាក់ពីប្រមុខដឹកនាំ ជាពិសេសឯកឧត្តម ដួង តារា ដែលបានចំណាយនូវថវិកាផ្ទាល់ខ្លួននិងគៀងគរជំនួយពីសប្បុរសជននានា ទើបគេហដ្ឋានដ៏សែនកក់ក្តៅមួយនេះលេចរូបរាងឡើង។ លោក លឿង សារុន និងក្រុមគ្រួសារក៏បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីទាំងអស់។
ក្នុងឱកាសនោះដែរឯកឧត្តម ដួង តារា ក៏មានប្រសាសន៍សំណេះសំណាល និងបង្ហាញអំពីការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំនៃគណបក្សប្រជាជនកម្ពុជាមកកាន់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា ក្នុងនាមលោកជាមន្ត្រីវ័យក្មេងមួយរូប ជាជំនួយការផ្ទាល់របស់សម្ដេច លោកតែងតែទទួលបាននូវការចង្អុលបង្ហាញពីសម្ដេច ឲ្យប្រកាន់ខ្ជាប់នូវអំពើល្អជានិច្ច។ សម្ដេចគឺជាអ្នកមានគុណរបស់លោក។ ក្នុងនោះដែរឯកឧត្តមបានបន្តទៀតថាក្នុងការដែលមានការសាងសង់ផ្ទះជូនលោក លឿង សារុន គឺដោយសារឃើញពីការលំបាកជាក់ស្ដែង។ ការតស៊ូជាមួយ CNRP បានត្រឹមតែអស់ពេលវេលា អស់លុយ សល់តែសំបកខ្ទម ភាពតោកយ៉ាក និងគ្មានអនាគត…។ ប៉ុន្តែនៅក្រោមម្លប់សម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជា គឺមានតែស្នាមញញឹម និងផ្ទះរស់នៅដ៏កក់ក្តៅសម្រាប់ប្រពន្ធកូន នេះជាការពិត។
អអំណោយផ្ទះអំពេីល្អ និងក្តីស្រឡាញ់នេះគឺជាកាដូនៃជម្រកដ៏កក់ក្តៅបំផុតសម្រាប់ក្រុមគ្រួសារលោក លឿង សារុន ប្រពន្ធនិងកូន៣នាក់ដែលនឹងរស់នៅសុខសប្បាយជារៀងរហូតក្មុងឆ្នាំថ្មី ២០២៣ នេះ។
សូមបញ្ជាក់ថាផ្ទះថ្មីដែលឯកឧត្តម ដួង តារា បានប្រគល់ជូនលោក លឿង សារុន នេះជាប្រភេទផ្ទះទៀមធ្វើអំពីថ្ម ប្រក់ស័ង្កសីមានទទឹង៨ម៉ែត្រ បណ្ដោយ ១២ម៉ែត្រ មានបន្ទប់ទទួលភ្ញៀវមួយ បន្ទប់គេងបី បន្ទប់ទឹកមួយ និងចង្ក្រានបាយមួយផងដែរ។