កន្លងមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងដោយមានការណែនាំ ចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនឹងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអភិវឌ្ឍន៍ជាបន្តបន្ទាប់ តាមរយៈការធ្វើទំនើបកម្ម នូវសំណង់អាគារ រដ្ឋបាល ក៏ដូចជាកត្តាមនុស្សនិងកត្តាសម្ភារៈគ្រឿងបំពាក់គ្រប់ប្រភេទ មួយជំហានម្តងៗ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។
នៅរសៀលថ្ងៃទី២០ ខែមករា ដើមឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញ បានសម្រេចនូវស្នាដៃថ្មីបន្ថែមទៀត ដោយបានកែលម្អរសំណង់អាគារទាំងស្រុងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ឲ្យមានភាពទំនើបស៊ីវីល័យ តាមស្តង់ដារួមរបស់អាវុធហត្ថរាជធានីភ្នំពេញ និងដោយបានការអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំងមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន អាជ្ញាធរមូលដ្ឋានខណ្ឌ សង្កាត់ និងក្រុមការងារ ជាច្រើននាក់ទៀតផងដែរ។
សមិទ្ធិផលថ្មី របស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកងដែលទើបសម្រេចបាននេះ គឺបង្ហាញអំពីការរីកចម្រើនរបស់ អាវុធហត្ថរាជធានីភ្នំពេញ បន្ថែមថ្មីពីលើសមិទ្ធិផលស្នាដៃជាច្រើន ដូចដែលធ្លាប់បានបង្ហាញនាពេលកន្លងមក មានដូចជាទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា និងកងរាជអាវុធហត្ថខណ្ឌដូនពេញ
ហើយជាទស្សនៈវិស័យរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នឹងបន្តកសាង សមិទ្ធិផលតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌ ចំនួន១១ផ្សេងទៀតជាបន្តបន្ទាប់មួយជំហានម្តងៗ ឲ្យមានភាពទំនើបតាមស្តងដារួមតែមួយគ្រប់ៗខណ្ឌ៕
« អរគុណសន្តិភាព»