ភ្នំពេញ៖ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃមានប្រសាសន៍ថា «សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំការយោគយល់ពីសហគមន៍អាស៊ាន ដើម្បីឱ្យកម្ពុជាបានដកខ្លួនចេញពីការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១១ ហើយត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ដែលនេះ យើងទាំងគឺជាឱកាសក្នុងការពង្រីកសមត្ថភាពជំនាញកីឡាតាមរយៈការចូលរួមប្រកួតប្រជែងមេដាយ ក្នុងនាមប្រទេសជាតិខ្មែរយើងទាំងមូល»។ ការលើកឡើងរបស់សម្តេចក្រឡាហោមនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សរុបចំនួន ៥០០នាក់ ដែលប្រព្រឹត្តទៅនៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាការ៉ាតេ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា «ចំពោះកីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃណាខ្លះ ដែលកំពុងត្រៀមចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ត្រូវតែខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព ដណ្តើមមេដាយជូនប្រទេសជាតិរបស់យើង។ ប្រសិនបើកីឡាករ កីឡាការិនីណាមិនបានចូលរួមស៊ីហ្គេម ក៏ត្រូវតែហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំជាធម្មតា»។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យកីឡាករ កីឡាការិនីចៀសវាងឱ្យបានជាដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀន ហើយចាប់ពីពេលនេះតទៅ សម្តេចក្រឡាហោមបានជំរុញឱ្យមានការធ្វើតេស្តរកសារធាតុញៀន ជារឿងចំបាច់មិនអាចខានបាន។ សម្ដេចក្រឡាហោមបានបន្ដថា មុនការចូលរួមប្រកួត ត្រូវតែមានការធ្វើតេស្តរកសារធាតុញៀនជាមុនសិន ហើយក្នុងករណីរកឃើញនឹងមិនអនុញ្ញាតឱ្យចូលរួមហ្វឹកហាត់ ឬប្រកួតឡើយ ជាពិសេសនឹងមិនអនុញ្ញាតឲ្យស្ថិតក្នុងនាមជាកីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃនោះជាដាច់ខាត។
សម្ដេចក្រឡាហោមជឿជាក់ថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនឹងបន្ដខិតខំប្រឹងប្រែង ដើម្បីឱ្យវិស័យកីឡាក្នុងក្រសួងមហាផ្ទៃកាន់តែរីកចម្រើន ទាំងក្របខណ្ឌជាតិ និងអន្តរជាតិឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀត។
ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃគូសបញ្ជាក់ជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលត្រូវបានប្រារព្ធពីធីបើក-បិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីកម្ពុជា អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាបានបញ្ចូនប្រតិភូ ប្រតិភូរង និងកីឡាករ កីឡាការិនីចំនួន៤៦១នាក់ ចូលរួមប្រកួត លើ៣៥ប្រភេទកីឡា ដោយទទួលបានលទ្ធផលមេដាយសរុប ២១១គ្រឿង (មាស១០៣ ប្រាក់៥៨ និងសំរឹទ្ធ៥០) លទ្ធផលនេះបាននាំឱ្យក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស ក្នុងចំណោម៣ក្រសួង និង២៥រាជធានី-ខេត្ត៕