ខេត្តកណ្តាល៖នៅក្នុងកិច្ចប្រជុំគណ:អភិបាលខេត្តកណ្តាល ប្រចាំឆ្នាំ២០២២ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ឆ្នាំ២០២៣នេះ អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំបំពេញការងាររបស់ខ្លួនឱ្យកាន់តែល្អទ្វេឡើងថែមទៀត ហើយឯកឧត្ដមក៏បានលើកទឹកចិត្តដល់បណ្ដាមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ដែលបានបំពេញតួនាទីនាឆ្នាំចាស់ បានយ៉ាងល្អផងដែរ។
ឯកឧត្ដម អភិបាលខេត្ត បានថ្លែងនូវការកោកសរសើដល់ មន្ទីរជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុក និងមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចអស់ខ្លួនបានយ៉ាងល្អប្រសើ ក្នុងឆ្នាំ២០២២កន្លងមក ដែលធ្វើឱ្យខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២ លើផ្នែកសេវាសង្គមនៅទូទាំងប្រទេស ពីក្រសួងមហាផ្ទៃ ជាពិសេសខេត្តកណ្ដាលក៏បានទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេសផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរម្លឹកដល់អាជ្ញាធរ និងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង បង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទកុំឱ្យកើតមានក្នុងមូលដ្ឋាន ត្រូវពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់។
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និង សូរិយោដីខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំដោះស្រាយបញ្ហាដីធ្លី ឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ក្នុង ឆ្នាំ២០២៣នេះ។
ឯកឧត្ដម គង់ សោភ័ណ្ឌ ក៏បានស្មើដល់មន្ទីរជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរក្សាស្នាដៃចំណាត់ថ្នាក់ល្អ លើផ្នែកសេវាសង្គម នៅទូទាំងខេត្តបន្តទៀតផងដែរ៕