ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាលស្រុកកៀនស្វាយ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិគឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រីកសេវានេះឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ។
ឯកឧត្តមបញ្ចាក់បន្តថា ការងារសេវាសង្គម បានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយ៉ាងច្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ដោយបញ្ហាសេវាសង្គមមួយចំនួនរួមមាន បញ្ហាសុខភាពមាតានិងទារក បញ្ហាអាហារូបត្ថម្ភ បញ្ហាអនាម័យ បញ្ហាទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះនានាជាដើម ដែលរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវចូលរួមឆ្លើយតប និងដោះស្រាយ ដោយមិនត្រូវពឹងផ្អែកលើរាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ជាតិ តែមួយមុខបានឡើយ បញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាអាទិភាពតម្រូវឱ្យស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព បរិយាប័ន្ន ប្រកបដោយសមធម៌ ។
ឯកឧត្តមក៏បានធ្វើការណែនាំក្រើនរំលឹកបន្ថែមដល់រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ត្ត្រូវតែចូលរួមប្រឡងប្រណាំង លើការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមឲ្យទទួលបានលទ្ធផលល្អប្រសើ តាមរយៈការពង្រឹងលើសមត្ថភាពរបស់ខ្លួន និងការគ្រប់គ្រងលើកិច្ចការងារដែលអនុវត្តប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។
សូមជម្រាបថា ៖ ខេត្តកណ្តាល ទទួលបានជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ។ រដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុងដែលទទួលបានពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។
ដោយឡែកសម្រាប់រដ្ឋបាលស្រុកកៀនស្វាយគឺទទួលបានចំណាត់ថ្នាក់ផ្កាយ១។ រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ៣មានចំនួន ២ឃុំ គឺឃុំភូមិធំ និងឃុំសំរោងធំ។ រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ២ មានចំនួន ២ឃុំ គឺឃុំឈើទាលនិងឃុំគគីរធំ ។រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ១មានចំនួន ៤ ឃុំ មានឃុំគគី ឃុំដីឥដ្ឋ ឃុំបន្ទាយដែក និងឃុំកំពង់ស្វាយ។