កំពង់ធំ៖ លោកឯឧបណ្ឌិត ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ និងអ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្ស នៅមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អតីតសមាជិកគណបក្សភ្លើងទៀន និងគណបក្សដទៃទៀត ទាំង១៦៨នាក់ នៅខេត្តកំពង់ធំ ដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវរួមគ្នារក្សាសន្តិភាព។
លោកថ្លែងបែបនេះ ពេលលោក ថោង ខុន និងអ្នកឧកញ៉ា អមដំណើរដោយលោកបណ្ឌិត មួង ឃីម, សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងក្រុមការងារជាច្រើនរូប អញ្ជើញសំណេះសំណាល អ្នកស្ម័គ្រចិត្តទាំង ១៦៨នាក់ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី មានការអានសេចក្តីសម្រេចបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយលោកស្រី លំ គន្ធារី សមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ។
ជាកិច្ចបន្ទាប់លោក សាន់ ណារ៉ាត់ តំណាងសមាជិកថ្មីទាំងអស់ បានមានចំណាប់អារម្មណ៍ក្នុងអង្គពិធីទាំងមូលថា មូលហេតុដែលសម្រេចចិត្តរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារសម្លឹងឃើញអំពើល្អ និងការដឹកនាំល្អរបស់សម្តេចតេជោ ហ៊ុន សែន ដែលធានាបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងអត្ថន័យបង្រួបបង្រួមជាតិពិតប្រាកដ។ លោក សាន់ ណារ៉ាត់ បានប្ដេជ្ញាយ៉ាងមុតមាំថាលោក និងសមាជិកទាំងអស់នឹងស្មោះត្រង់ចំពោះជាតិមាតុភូមិ ខិតខំបំពេញការងារតាមមាគ៌ាដឹកនាំរបស់សម្ដេចតេជោ ហើយនឹងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នាពេលបោះឆ្នោតក្នុងពេលខាងមុខ។
ក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោក ញឹក បានខេង អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានលើកឡើងថា លោកពិតជារីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលដែលប្រជាពលរដ្ឋបានចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយនេះមិនមែនជាលើកទីមួយនោះទេ សម្រាប់កម្មវិធីទទួលស្វាគមន៍សមាជិកថ្មីនេះ ហើយសង្ឃឹមថានឹងមានសមាជិកជាបន្តបន្ទាប់ទៀតចូលរួមបន្ត។ លោកអំពាវនាវ ឲ្យជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហើយសូមឲ្យបន្តចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន។
លោកបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណ អ្នកស្ម័គ្រចិត្តទាំង ១៦៨នាក់ ដែលដែលភ្ញាក់ខ្លួន ហើយទទួលស្គាល់ការពិត និងវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិត ក៏បានកោតសសើរអំពីការប្តេជ្ញាចិត្តរបស់ពួកគាត់ និងស្នើសូមជឿជាក់លើមាគ៌ាដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ។
ឆ្លៀតក្នុងឱកាសដ៏សែនកក់ក្តៅនេះដែរ អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ក៏បានស្វាគមន៍ និងសំណេះសំណាលសួរសុខទុក្ខដល់សមាជិកនៅក្នុងអង្គពិធីទាំងមូល និងបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រោះសម្តេចតេជោ ពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។ លោកថ្លែងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា។
លោកលើកឡើងទៀតថា «សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃបោះឆ្នោតឆ្នាំ២០២៣ នាពេលខាងមុងនេះ។ មានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ»។
នាចុងបញ្ចប់នៃកម្មវិធី ក៏មានការចែកជូននូវលិខិតបញ្ជាក់សមាជិក និងមានការថតរូបអនុស្សាវរីយរវាងថ្នាក់ដឹកនាំ និងសមាជិកដែលបានចូលរួមផងដែរ៕