ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវមានមោទនភាព ក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ ដែលបានរួមចំណែកស្ដារវិស័យអប់រំសិក្សាធិការពីគំនរផេះផង់ ក្លាយទៅជាប្រព័ន្ធអប់រំមួយមានលក្ខណៈទំទើបជាបណ្ដើរៗ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួនជាង ៧ ០០០ នាក់ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំៗ០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍អបអរចំពោះសមិទ្ធផលថ្មីទៀត ដែលស្ថិតក្នុងដំណាក់កាលក្នុងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងបានសម្ដែងនូវមោទនភាពដែលបានរួមចំណែកជាមួយបងប្អូនជនរួមជាតិ ជាមួយលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យក្នុងរយៈពេល៤៤ ឆ្នាំកន្លងទៅនេះ គឺបានស្ដារវិស័យអប់រំសិក្សាធិការពីគំនរផេះផង់ក្លាយទៅជាប្រព័ន្ធអប់រំមួយមានលក្ខណៈទើបជាបណ្ដើរៗ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដែលបានធ្វើកំណែទម្រង់លើវិស័យអប់រំបានយ៉ាងល្អប្រសើរ ហើយសម្ដេចក៏នៅតែ អំពាវនាវឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋនិងឯកជន ត្រូវបន្តពង្រឹងគុណភាពសិក្សារបស់ខ្លួនបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអបអសាទរដល់និស្សិតជ័យលាភី ទាំងជាង៧ពាន់នាក់ ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ និងជម្នះការលំបាកគ្រប់បែបយ៉ាង រហូតទទួលបានជោគជ័យនាពេលនេះ។
បើតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនេះមានថ្នាក់បរិញ្ញាបត្រនិងបរិញ្ញ បត្រជាន់ខ្ពស់ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា ២០១៩-២០២០ សរុបចំនួន ៧ ០២១ នាក់ ក្នុងនោះនារី ៣ ៧០១ នាក់។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋនិងមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឱ្យការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨០មក ទល់ឆ្នាំសិក្សា ២០១៩-២០២០ និស្សិតបានបញ្ចប់ការសិក្សាសរុប ៥៤ ៧០៦ នាក់ (នារី ២០ ៧៣៨នាក់)។ ក្នុងនោះ មាននិស្សិតអាហារូបករណ៍សរុប ១៩ ៧៨៦ នាក់ (នារី ៦ ១៦១ នាក់) និងនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុប៩៧នាក់ (នារី៦៣នាក់)។ នៅក្នុងឆ្នាំ
សិក្សា២០២២-២០២៣នេះ និសិ្សតកំពុងសិក្សាសរុប ១៩ ៨៦៤ នាក់(នារី ១១ ២២៥ នាក់) ក្នុងនោះនិស្សិតអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសរុប២៤៩នាក់(នារី ១៣៩នាក់)។ សាកលវិទ្យាល័យ មានមហាវិទ្យាល័យចំនួន៥ និងវិទ្យាស្ថានចំនួន ២ រួមមាន មហាវិទ្យាល័យវិទ្យាសាស្រ្ត មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យអប់រំ វិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ។
ជាមួយគ្នានេះដែរ នៅពេលខាងមុខនេះសាកលវិទ្យាល័យ គ្រោងបើក«វិទ្យាស្ថានសិក្សាបរិស្ថាន» ដែលមានទីតាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល៣ នៅក្បែរវិមាន ឈ្នះ ឈ្នះ ដែលទីតាំងនេះ រាជរដ្ឋាភិបាល បានផ្តល់ជូនបន្ថែមដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិ បត្តិការជាមួយសាកលវិទ្យាល័យបរទេសល្បីៗ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលឱ្យកាន់តែប្រសើរឡើង។ គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យាល័យបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យដៃគូ និងស្ថាប័នផ្សេងៗទាំងក្នុងស្រុកនិងក្រៅស្រុកសរុប ២៣៩ ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យទៅវិញទៅមកលើការងារសិក្សា ការងារបង្រៀន និងការងារស្រាវជ្រាវ។
ក្រៅពីនេះសាកលវិទ្យាល័យ បានដំណើរការមជ្ឈមណ្ឌលសំខាន់ៗ រួមមាន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន មជ្ឈមណ្ឌលសូត្រខ្មែរ និងអគារស្ទែម ។ ក្នុងនោះមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២២ និងមានតួនាទីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផលិតកម្មឌីជីថល៕ដោយ៖ ជឹម ណារី, ផ្សាយដោយ៖ កន ចំណាន