ចេញផ្សាយថ្ងៃទី០១ខែមីនាឆ្នាំ២០២៣
ខេត្តកំពង់ធំ: ព្រៃឡង់នៅត្តកំពង់ធំត្រូវបានបាត់បងមិនខានដោយសារក្រុម
ឈ្មួញ ឃុបឃិតគ្នាជាប្រព័ន្ធក្នុងការកាប់បំផ្លាញធនធានធម្មជាតិដឹកយកទៅលក់។
ក្រុមឈ្មួញនៅតែបន្តរិះរកគ្រប់មធ្យោបាយ ជារៀងរាល់ថ្ងៃធ្វើយ៉ាងណាបំផ្លាញព្រៃឡង់ឲ្យខ្ទេចខ្ទីដើម្បីអោយតែបានជាផលប្រយោជន៍ និងបាក់ពួកនិយមមួយក្រុមរបស់ខ្លួនតែប៉ុណ្ណោះ។
ជាភស្តុតាងជាក់ស្តែងនាយប់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៣ ថ្មីៗកន្លងទៅនេះមានរថយន្តយីឌុបប្រភេទវេអង(V1)មួយគ្រឿងមានពាក់ស្លាកលេខ(ភ្នំពេញ 4A :5986)ក្នុងចំណោមជាច្រើនគ្រឿងបានខូចពាក់កណ្តាលផ្លូវ ក្នុងស្រុកសន្ទុកបណ្តាលអោយប្រជាពលរដ្ឋដែលធ្វើដំណើរឃើញអំពីទិដ្ឋភាពគួរអោយសោកស្តាយនូវព្រៃធម្មជាតិព្រៃឡង់នៅចំនុចខាងលើនឹងដឹកចេញតាមច្រកអូរងៀវ ខេត្តកំពង់ធំដើម្បីបន្តចាកចេញពីខេត្ត។
ជារៀងរាល់ថ្ងៃយប់ក្រុមឈ្មួញបានទំនាក់ទំនងគ្នាជាប្រព័ន្ធដើម្បីរត់ការពីកន្លែងមួយទៅកន្លែងមួយធ្វើយ៉ាងណាកុំឱ្យមានគេសង្ស័យឬគេចចេញពីក្រុមអ្នកសារព័ត៌មានតាមថតប្រម៉ាញ់ដើម្បីយកសកម្មភាពជម្រាបជូនដល់រាជរដ្ឋាភិបាល។ តែអ្វីគួរឱ្យព្រួយបារម្ភបំផុតរថយន្តប្រភេទស៊េរីធំៗខាងលើដឹកជាច្រើនគ្រឿង លើទឹកដីខេត្តកំពង់ធំ បែរជាសមត្ថកិច្ចកងកម្លាំង រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងរដ្ឋបាលព្រៃឈើជំនាញបែរហាក់បីដូចជាមិនដឹងរឿងទាំងនោះទៅវិញ។
ប្រជាពលរដ្ឋទូទាំងប្រទេសមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការទន្ទ្រានកាប់ព្រៃឡង់ដែលជាធនធានធម្មជាតិឲ្យរលាយផុតពូជក្រោមស្នាដៃរបស់ពួកគេ ហើយប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម ងួន រតនះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងក្រសួងពាក់ព័ន្ធមាន ក្រសួងកសិកម្ម ជលផលនិងនេសាទ ក្រសួងបរិស្ថាន ពិនិត្យស្រាវជ្រាវតាមដានរឿងនេះដើម្បីជៀសវាងការបាត់បង់ព្រៃឈើជាបន្តទៀត។
តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតែមានជំនឿជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពូលជាច្រើនអ្នកទៀតនឹងដាក់វិធានការក្តៅលើឈ្មួញទាំងនេះឬមន្ត្រីណាដែលមានការពាក់ព័ន្ធលើបទល្មើសព្រៃឈើនេះមិនខាន។
សារព័ត៌មានរបស់យើងនឹងធ្វើព័ត៌មានបន្ថែមដើម្បីជាការលើកទឹកចិត្តជូនដល់រដ្ឋបាលថ្នាក់ខេត្តនៃខេត្តកំពង់ធំកម្លាំងសមត្ថកិច្ចគ្រប់ជំនាញនិងអន្តរក្រសួងពាក់ព័ន្ធដើម្បីចូលរួមចំណែកទប់ស្កាត់ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើព្រៃឡង់ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ធំបន្តទៅទៀត ។(នៅមានត)
អង្គភាពយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!