ចេញផ្សាយថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣
ខេត្តព្រះសីហនុ÷ មួយរយះពេលថ្មីៗនេះមានអង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ ដើម្បីស្ថាបនាទៅលើស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយកំពង់តែមានភាពមិនប្រក្រតី ចំពោះរថយន្តដឹកទំនិញតូចធំឆ្លងកាត់នៅស្ថានីយជញ្ជីងមួយកន្លែងខាងលើនោះ ដោយមានរថយន្តខ្លះឡើងជញ្ជីងថ្លឹងនិងរថយន្តខ្លះទៀតមិនបានចូលថ្លឹង។
ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ០៤ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលដដែល។ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយកឈ្មោះលោក បូរី វង្សសានិត មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្ត១កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តចុះពីលើរថយន្តដើរទៅបង់លុយតាមការកំណត់ដោយមិនបាច់ចូលថ្លឹងឡើយ។
ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាល ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តនោះទេ។
ដោយមិនគោរពទៅតាមប្រសាសន៌របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ខណៈដែលនៅមានម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់ចូលរួមគោរពអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានពេញលេញនិងត្រឹមត្រូវនៅឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើសពី២០ភាគរយ ប្រធានស្ថានីយជញ្ជឹងអចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។ ជាមួយគ្នានេះ ក៏នឹងត្រូវបញ្ឈប់អាជីវកម្មដឹកជញ្ជូន របស់ក្រុមហ៊ុនចំនួន១ឆ្នាំ ក្នុងករណីទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។
ឯកឧត្តម ក៏បានព្រមានដាក់ទណ្ឌកម្មចំពោះមន្ត្រីស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័តក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់ផងដែរ។
ឯកឧត្តម មានប្រសាសន៍ថា ការអនុវត្តនូវវិធានតឹងរឹងនេះ គឺដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ ឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយ ថវិកាជាតិ ក្នុងការជួសជុលថែទាំ ផ្លូវថ្នល់នៅទូទាំងប្រទេស។
ជុំវិញនិងការចុះផ្សាយខាងលើនេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីរលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ និងប្រធានស្ថានីយ៍ជញជញ្ជីងថ្លឹងរថន្ត ស្ទឹងច្រាល ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បាននោះទេ? ដោយពុំមានលេខទូរសព្ទទំនាក់ទំនងនោះឡើយ ។
មហាជនក៌ដូចប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ចាត់មន្ត្រីស្អាតស្អំចុះមកឃ្លាំមើលនិងត្រួតពិនិត្យមើលពីរសកម្មភាពប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណកាលនិងដឹកជញ្ជូនខេត្តព្រះសីហនុ និងប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ជានិច្ចរៀងរាល់ម៉ោងធ្វើការ គឺដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រិតនិងយុត្តិធម៌តែប៉ុណ្ណោះ៕ ់